ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកម្លាំងនគរបាលបំបែកបានសម្រេច និងចាប់ជនដៃដល់៣នាក់

 (ឧត្តរមានជ័យ)៖ ក្រោមបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានដោយជោគជ័យ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត ដែលទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ភាក់ សីហា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
*ទី២៖ ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា នៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ។ បន្ទាប់មករហូតដល់ម៉ោង២៖០០នាទី ឈានចូលថ្ងៃទី១៩ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀតមានឈ្មោះ ត្រយ ចិត្រា អាយុ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយមកទៀត ពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង៣នាក់ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា រូបខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣៖០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕