កម្ពុជា បញ្ជូនក្រុមជម្រើសជាតិ ៤ប្រភេទកីឡាទៅហ្វឹកហាត់នៅកូរ៉េ ត្រៀមស៊ីហ្គេមនៅវៀតណាម


 (ភ្នំពេញ)៖ កម្ពុជា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ៤ប្រភេទកីឡារួមមាន តេក្វាន់ដូ WT, ប្រដាល់សកល, យូដូ និងកីឡាគុនដាវ ទៅធ្វើការហ្វឹកហាត់នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល ១ខែកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភាខាងមុខ។ លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ថា ការបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីជម្រើសជាតិទាំង ៤ប្រភេទកីឡា ទៅហ្វឹក ហាត់នៅកូរ៉េ កើតឡើងបន្ទាប់ពីមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ កាលពីថ្មីៗ ដោយភាគីកូរ៉េជាអ្នករ៉ាប់រងលើ ថ្លៃស្នាក់នៅ និងហូបចុក ខណៈក្រសួងអប់រំ យុវជន និងកីឡា ជាអ្នករ៉ាប់រងថ្លៃសំបុត្រយន្ដហោះធ្វើ ដំណើរ។ក្នុងនាមអ្នកជំនាញ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាខាងលើបានបង្ហាញសុទិដ្ឋិ និយមខ្ពស់ ចំពោះការបោះជំរំហ្វឹកហាត់រយៈពេល ១ខែនៅកូរ៉េនេះ គឺជាឱកាសល្អសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗតាមរយៈការហ្វឹកហាត់ជាមួយគ្រូ បរទេស និងការប្រកួតផ្សេងៗ ដើម្បីបង្កើនសមត្ថភាព និងគុណផលកីឡាកម្រិតខ្ពស់ ត្រៀមការ ប្រកួតស៊ីហ្គេមនៅវៀតណាម ក៏ដូចជាត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ចំពោះក្រុមជម្រើសជាតិ៤ប្រភេទកីឡាដែលចេញទៅហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េខាងលើ គឺមានចំនួន ១៩នាក់ រួមមានកីឡាតេក្វាន់ដូ WT មានកីឡាករ-កីឡាការិនី ៩នាក់ និងគ្រូម្នាក់, កីឡាប្រដាល់សកលមានកីឡាករ-កីឡាការិនី ២នាក់, កីឡាយូដូ មានកីឡាករ-កីឡាការិនី ២នាក់ និងគ្រូម្នាក់ និងកីឡាគុនដាវ មានកីឡាករ-កីឡាការិនី ៣នាក់ និងគ្រូបង្វឹកម្នាក់។ ការបោះជំរំហ្វឹកហាត់ក្រៅស្រុកនេះ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២៕