(យូអិន)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK នៅថ្ងៃចន្ទ ទី១១ ខែ មេសា ឆ្នាំ២០២២ បញ្ជាក់ថាទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ, យ៉ាងហោចណាស់ជនស៊ីវិលចំនួន ១,៧៩៣នាក់រួមទាំង កុមារ១៤២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារ នៅថ្ងៃទី២៤ ខែកុម្ភៈ។
ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឲ្យដឹងថា ក្នុង ចំណោមអ្នកស្លាប់ ១,៧៩៣នាក់នោះ មាន ១,១៥១នាក់ នៅក្នុងទីក្រុងកៀវ(Kyiv), ខាកកៀវ (Kharkiv) ភាគខាងកើត, ឆឺននីហ៊ីវ (Chernihiv)ភាគខាងជើង, ខឺសុន (Kherson) ភាគខាងត្បូង, និងនៅក្នុងតំបន់ផ្សេងទៀត ខណៈដែលនៅតំបន់ភាគខាងកើតនៃទីក្រុងដូណេត (Donetsk) និង លូហ្កាន់ (Luhansk) ត្រូវបានរាយការណ៍ថា មានចំនួន៦៤២នាក់។ OHCHR ក៏បានឲ្យបន្ថែមថា ជនស៊ីវិលចំនួន ២,៤៣៩នាក់បានរងរបួស។ ភាគច្រើននៃអ្នកស្លាប់និងរបួស គឺបណ្តាលមកពី ការផ្ទុះ, មីស៊ីល, និងការវាយប្រហារតាមអាកាស។
បើតាមទីភ្នាក់ងារនេះ, UN ជឿជាក់ថា តួលេខជាក់ស្តែងគឺខ្ពស់ជាងរបាយការណ៍ ដោយសារចំនួន ពីតំបន់មួយទៅតំបន់មួយ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ទីក្រុងកំពង់ផែ ម៉ារីយូប៉ូល (Mariupol) ជាកន្លែងដែលការទម្លាក់គ្រាប់បែករបស់រុស្ស៉ីនៅបន្តកើតមាន។ ដោយឡែក ជនភៀស ខ្លួនចេញពីសង្រ្គាមបានកើនឡើងដល់ជាង៤.២៤លាននាក់៕