(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ថា វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជំនួយរបស់ប្រទេសឥណ្ឌា ចំនួន ២០ម៉ឺនដូសនឹងដឹកមកដល់ប្រទេសកម្ពុជានៅ ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ។
បើតាមលោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស។ ក្នុងនោះ ២០ម៉ឺនដូសមកដល់រសៀលថ្ងៃស្អែក ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់ថ្ងៃទី១២ ឬទី១៣ ខែមេសា។
វ៉ាក់សាំងជាជំនួយរបស់ឥណ្ឌា នឹងរៀបចំពិធីប្រគល់ទទួលក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែមេសា នៅវិមានសន្តិភាព។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារ ដោយមេរោគកូវីដ១៩។ ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការ កំពូលលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជំរុញការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំងប្រកបដោយ ភាពរហ័សរហួនបំផុត។
កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើក ការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្នកម្ពុជា កំពុងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ហើយកំពុងចាក់ដូសជំរុញជូនពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងផងដែរ។
ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំង ប្រទេស។ គិតត្រឹមថ្ងៃទី១០ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។
ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជា រកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុប ជិត ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ៩លានទៀត។
តាមរយៈការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងដ៏លឿនជូនប្រជាពលរដ្ឋនេះ បានធ្វើឱ្យកម្ពុជា យកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការពារបានខ្ពស់នូវអត្រាស្លាប់របស់ប្រជាពលរដ្ឋដោយ សារជំងឺកូវីដ១៩ ហើយបានឈានដល់ការបើកដំណើរការសកម្មភាពសង្គមពេញលេញឡើងវិញ។
លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើក លែងកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤រួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។
កម្ពុជា ក៏ទើបនឹងត្រូវបានការសែតជប៉ុន សិក្សារកឃើញថា ជាប្រទេសចំណាត់ថ្នាក់លេខ២លើ ពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័ស។
លទ្ធផលទាំងនេះ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការ ទាំងឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ៕