រដ្ឋមន្ត្រី ថោង ខុន អោយដឹងថា ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះស្ទុះឡើងខ្លាំង ក្នុងចំនួនជិត៤០ម៉ឺននាក់ កើនឡើង៧៤%


 (ភ្នំពេញ)៖ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ មានសន្ទុះកើន ឡើងខ្លាំងធៀបនឹងសប្តាហ៍កន្លងមក ជាមួយនឹងចំនួនជិត៤០ម៉ឺននាក់ កើនឡើនដល់ទៅជាង ៧៤%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបមានចំនួន៣៧០,៧៥៨នាក់ ក្នុងនោះ ភ្ញៀវជាតិ៣៥៦,៥៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,២១៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ១០៩,៨៣៧នាក់
* ខេត្តសៀមរាប ៤៣,៨៨៧នាក់
* ខេត្តព្រះសីហនុ ៣៥,៨៣៦នាក់
* ខេត្តកំពត ៣៣,៥៦៧នាក់
* ខេត្តពោធិ៍សាត់ ៣២,៩០៧នាក់
* ខេត្តបាត់ដំបង ២៦,៨២៩នាក់
* ខេត្តកែប ២៤,១៩០នាក់។

ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងខ្លាំងធៀបនឹងសប្តាហ៍កន្លងមក។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ ៧៤.១៩% ធៀបនឹងចុងសប្តាហ៍មុន។

ប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតជាបណ្តើរៗនាថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ។

បណ្តារាជធានី-ខេត្តបានត្រៀមរួចរាល់ស្ទើរ១០០% ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តចូលឆ្នាំ និង កម្សាន្តសប្បាយនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។ ដោយឡែកនៅរាជធានីភ្នំពេញ ក្រសួង ទេសចរណ៍សហការជាមួយសាលារាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន រៀបចំព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ដែលបានប្រព្រឹត្តទៅនាបរិវេណពហុកីឡា ដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឲ្យទៅកម្សាន្តសប្បាយជាច្រើនកុះករផងដែរ។ ប្រជាពលរដ្ឋ សប្បាយរីករាយពេញ ចិត្តនឹងកម្មវិធី និងទីតាំងរៀបចំនៅ ពហុកីឡាដ្ឋានជាតិមរតកតេជោនេះ ដែលក្នុងមួយថ្ងៃៗមាន ទេសចរ និងប្រជាពលរដ្ឋមិនតិចជាង១មុឺននាក់ទៅចូលរួមកម្សាន្តសប្បាយ។

ដោយឡែក ក្នុងសប្តាហ៍នេះនៅតាមបណ្តាវត្តអារាម សាលារៀន គ្រឹះស្ថានសិក្សា ស្ថាប័ន អង្គភាព ឯកជននិងរោងចក្រមមួយចំនួនបានរៀបចំជាកម្មវិធីកម្សាន្តសប្បាយសម្រាប់បុគ្គលិក និងនិយោជិក ក៏ដូចជាប្រារព្វកម្មវិធីសង្រ្កាន្តជាលក្ខណៈដាច់ដោយឡែកទៅតាមអង្គភាព និងស្ថាប័នរបស់ខ្លួន។

ក្រសួងទេសចរណ៍បានបន្តណែនាំឲ្យមន្ទីរទេសចរណ៍ខិតខំបន្តអនុវត្តសារាចរណែនាំសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយត្រូវពង្រឹងកិច្ចសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរ ជំនាញពាក់ព័ន្ធក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ជាដើម៕