អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលស្ពានបុរាណតាអោងដំណាក់កាលទីពីរ

 (សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិ អប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុង សម័យអង្គរ ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ។នេះជាដំណាក់កាលជួសជុលលើកទីពីរ ដោយចាប់ផ្ដើមកាលពីដើមខែមេសារហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូល និធិរបស់អាជ្ញាធរជាតិអប្សរា។ការជួសជុលពង្រឹងគ្រឹះស្ពានបុរាណនេះ ក្នុងគោលបំណងជួយពង្រឹង រចនាសម្ពន្ធរបស់ស្ពានឱ្យរឹងមាំឡើងវិញផង និងរក្សាឱ្យបាននូវអាយុកាលយូរអង្វែងបន្តទៅទៀតផង ពិសេសគឺជួយសម្រួលចរន្តទឹកហូរដើម្បីបញ្ចៀសចេញពីការជន់លិច ព្រមទាំងឱ្យប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់មានភាពងាយស្រួលនិងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះឱ្យកាន់តែច្រើនថែមទៀតផង។

មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា នៅផ្នែកខាងត្បូងរបស់ស្ពាន តាអោង គឺមានការទ្រុឌទ្រោមខ្លាំង ដូចជាថ្មរលុះធ្លាក់ពីរកន្លែង និងជញ្ជាំងស្ពានរហែកចេញមួយ កន្លែង។ លោក ពុទ្ធ សុទ្ធ បានបញ្ជាក់ទៀតថា ដំណើរការជួសជុលពេលនេះ គឺក្រុមការងារបាន ធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម ពង្រឹងសសរស្ពានដែលរលុះធ្លាក់ ព្រមទាំងជួសជុលជញ្ជាំងរ ហែកខាងកើតឱ្យត្រូវតាមលំនាំដើមឡើងវិញ។ ជាមួយគ្នានេះដែរក៏មានការជួសជុលពង្រឹងដៃបង្កាន់នាគដាក់ចូលទីតាំងដើមឡើងវិញ សរុប ប្រវែង៧០ម៉ែត្រ។

លោក ពុទ្ធ សុទ្ធ បានបន្តទៀតថា កត្តាដែលនាំឱ្យស្ពានតាអោងរងការខូចខាត គឺដោយអាយុកាល អាកាសធាតុធម្មជាតិ និងសម្ពាធនៃទម្ងន់ដែលបង្កឡើងពីមនុស្សជាដើម។ បច្ចុប្បន្នស្ពានបុរាណតាអោង ដែលស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មាន សភាពចាស់ទ្រុឌទ្រោមខ្លាំងជាច្រើនផ្នែកដូចជា ប្រេះញែកចេញពីគ្នា ហើយផ្នែកកណ្តាលនៃតួស្ពាន សងខាង គឺថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតក៏កំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

ស្ពានបុរាណតោអោងសាងសង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ធ្វើអំពីថ្មភក់ និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគ។ ស្ពាននេះសាងឡើងនាសម័យអង្គរក្នុងរចនាបថបាយ័ន្ត ដោយយោងទៅលើបង្កាន់ដៃនាគ។

កាលពីឆ្នាំ២០២០អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលស្ពានតាអោងនេះម្តងមកហើយនៅដំណាក់កាលទីមួយ ដោយកាលណោះការជួសជុលបានធ្វើនៅផ្នែកខាងជើង ដូចជា បង្កាន់ដៃ នាគ ពង្រឹងជញ្ជាំង សសរចំនួន១១ និងការកាយដីកកស្ទះ ដើម្បីសម្រួលដល់ផ្លូវទឹកហូរឆ្លងកាត់៕