សហរដ្ឋអាមេរិកធ្វើតេស្ត «មីស៉ីលល្បឿនលឿនជាងសំឡេង» ដោយស្ងាត់ៗ ដើម្បីចៀសវាងបង្កើន ភាពតានតឹងជាមួយរុស្ស៉ី

 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ ២០២២ ប្រាប់អោយដឹងថា ប្រភពពីមន្រ្តីការពារជាតិអាមេរិក បានបង្ហើបឱ្យដឹងថា សហរដ្ឋអាមេ រិកបានធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) កាលពីពាក់កណ្តាលខែ មីនា ប៉ុន្តែបានរក្សាការសម្ងាត់អំពីការធ្វើតេស្តនេះ អស់រយៈពេល២សប្តាហ៍ ដើម្បីចៀសវាង ការ បង្កើនភាពតានតឹងជាមួយរុស្ស៉ី ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រៀមធ្វើ ទស្សនកិច្ចទៅកាន់អឺរ៉ុប នាពេលនោះ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។

ប្រភពដដែលបាននិយាយថា កំលុងការធ្វើតេស្ត មីស៉ីលល្បឿនលឿនជាងសំឡេង HAWC ត្រូវ បានបាញ់ចេញពីយន្តហោះទម្លាក់បែក B-52។ មន្រ្តីខាងលើបានផ្តល់ព័ត៌មានត្រួសៗប៉ុណ្ណោះ អំពីការធ្វើតេស្តនោះ ដោយត្រឹមប្រាប់ថា វាហោះនៅរយៈកម្ពស់ជិត ២០គីឡូម៉ែត្រ និងបានចម្ងាយ ជិត៥០០គីឡូម៉ែត្រ។

ការធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេងរបស់អាមេរិក បានកើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានអះអាងអំពី ការប្រើប្រាស់មីស៉ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួនហៅថា គីនហ្សាល់ (Kinzhal) ជាលើកដំបូងក្នុងសង្រ្គាមនៅអ៊ុយក្រែន៕