ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំបង្កើនថវិកា សម្រាប់អ្នកមានប្រាក់បៀវត្សរ៍ ទាប ជាពិសេសអតីតយុទ្ធជន។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍ មុន រយៈពេល២ឆ្នាំកន្លងទៅ គប្បីត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត ជំរុញការដំឡើងបៀវត្សរ៍អ្នកទាំង នោះ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹក នាំការងារនេះ ពិនិត្យនិងដោះស្រាយ ដោយរៀបចំបង្កើនថវិកា ខ្ញុំគិតថាវាមិនចាំបាច់ធ្វើការកែតម្រូវ ថវិកាជាតិ សម្រាប់អ្នកទាំងនោះទេ ព្រោះថាចំនួននេះក៏មិនច្រើនពេកដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ២ឆ្នាំកន្លងទៅនេះ មិនបានដំឡើងបៀវត្សរ៍ឲ្យមន្ត្រី រាជការទេ ដោយសារមានតម្រូវការ ទប់ទល់កូវីដ-១៩។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឲ្យពន្លឿននៃការលើកកម្រិត អ្នកដែលមានប្រាក់សោធននិវត្តន៍ទាប ឲ្យកើនបានខ្ពស់បន្ដិចផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការធ្វើបែបនេះ ជាគោលនយោបាយមួយ ក្នុង ចំណោមគោលនយោបាយ នៃការគិតគូរសម្រាប់អ្នកដែលមានប្រាក់បៀវត្សរ៍ទាប៕