ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងរបាយការណ៍លទ្ធផល សម្រាប់ ដំណាក់កាលទី១ នៃការរៀបចំផែនការមេ អភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង

 (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍លទ្ធផល សម្រាប់ដំណាក់កាលទី ១ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង» តាមរយៈប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក-សមាជិការ នៃ គ.ស.ផ។

គោរពតាមគោលការណ៍ឯកភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយក វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS ដើម្បីផ្តល់សេវាកម្មក្នុងការ រៀបចំផែនការមេដ៏មានសារៈសំខាន់នេះ ដែលត្រូវបានចែកជា៥ ដំណាក់កាល ដោយត្រូវចំណាយ ពេលប្រមាណ១៨ខែ។ វិទ្យាស្ថាន UPDIS គឺជាស្ថាប័នរៀបចំនគរូបនីយកម្ម ដែលមានបទពិសោធ ន៍ច្រើន និងទូលំទូលាយ ក្នុងការរៀបចំផែនការមេ, ទាំងនៅក្នុងប្រទេសចិន និងលើសកលលោក ទាំងមូល, និងជាស្ថាប័ននាំមុខក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងស៊ិនជិន ដែលជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដ៏ល្បីល្បាញក្នុងប្រទេសចិន ។

វិទ្យាស្ថាន UPDIS បានរៀបចំ «សេចក្តីព្រាងរបាយការណ៍លទ្ធផល សម្រាប់ដំណាក់កាលទី ១ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»  ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន២ រួមមាន ១.ការវិភាគតំបន់ និងស្ថានភាព និង ២.ទស្សនាទាន បឋម ដែលបង្ហាញពីរូបភាពអនាគតនៃការរៀបចំផែនការមេ។ ជារួម, សេចក្តីព្រាងរបាយការណ៍នេះ គឺជាទស្សនាទានបឋមនៃផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ក្នុងកម្រិតម៉ាក្រូ ដែលមានចរិកជាយុទ្ធ សាស្រ្ត និងទិសដៅគោលនយោបាយ ។

ការរៀបចំផែនការមេនេះ គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និងវែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខ ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ស្របតាមការកំណត់ ក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ។

ការរៀបចំផែនការមេនេះ គឺមានការគិតគូរយ៉ាងល្អិតល្អន់ ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលអាចចាត់ទុកជាប្រភេទទីក្រុងវ័យឆ្លាត (SMART CITY) ទាំងការរៀបចំសំណង់អគារ, តំបន់លំនៅដ្ឋាន, ការកំណត់ តំបន់ឧស្សាហកម្ម, តំបន់ការពារបរិស្ថាន ។ល។ ប្រកបដោយការច្នៃប្រឌិតខ្ពស់ សោភ័ណ្ឌភាព និងផាសុខភាព ដែលគួរឱ្យចង់រស់នៅ ។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍នេះ ព្រម ទាំង បានផ្តល់អនុសាសន៍គន្លឹះ ពិសេស ផ្តោតលើទិសដៅអភិវឌ្ឍ, វិស័យសេដ្ឋកិច្ច-ឧស្សាហកម្ម ដែលមានសក្តានុពល, ការរៀបចំប្លង់គោល និងក្របខ័ណ្ឌស្ថាប័ន ជាដើម ដើម្បីជួយតម្រង់ទិសឱ្យ ក្រុមការងារនៃវិទ្យាស្ថាន UPDIS កែតម្រូវសេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី១នេះ ឱ្យមាន លក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ជាត្រីវិស័យ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំការងារ ជំហានបន្តបន្ទាប់ទៀត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារដឹកនាំដោយវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយ ការណ៍លទ្ធផល ក្នុងដំណាក់កាលទី ១ និងបានណែនាំឱ្យក្រុមការងារធ្វើការកែសម្រួលឯកសារនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចការ ក្នុងដំណាក់កាលទី២ នៃការរៀប ចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕