(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងជប៉ុន។ សម្តេចតេជោ បានស្នើឱ្យកម្លាំងរក្សាសន្តិភាពប្រទេសទាំងពីរ ជំរុញនូវកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាក្នុងខេត្តព្រះសីហនុ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោក Nogochi Yasushi បានអរគុណសម្តេចតេជោ ដែលបានផ្តល់នូវកិច្ច សហប្រតិបត្តិការយ៉ាងល្អ ជាមួយជប៉ុន។ ជាពិសេសតាមរយៈដំណើរបំពេញទស្សនកិច្ច របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ។
លោក Nogochi Yasushi ក៏បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណារក្សាឱ្យបាន នូវសន្តិភាព និងសន្តិសុខតំបន់ តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហ ប្រជាជាតិ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះនាវាជប៉ុន ដែលបានចូលចតនៅកម្ពុជា។ សម្តេចតេជោ បានគូសរំលេចថា ការចូលចតរបស់នាវាស្វ័យការពារ ជើងទឹកជប៉ុនទាំងពីរគ្រឿងនេះ គឺចំខួប៣០ឆ្នាំ នៃការបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា និងជាភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ ក្នុងបេសកកម្មរក្សាសន្តិភាពរវាងកម្ពុជា និងជប៉ុន។
សម្តេចតេជោ បានបង្ហាញការសង្កេតឃើញរបស់សម្តេចថា តួនាទីរបស់ជប៉ុន ក្នុងបេសកកម្មរក្សា សន្តិភាព បានដើរតួនាទីកាន់សំខាន់។ សម្តេចតេជោ ក៏បានរំលឹកដល់បេសកកម្មរក្សាសន្តិភាពរបស់ ជប៉ុននៅក្នុងប្រទេសកម្ពុជាកាលពី៣០ឆ្នាំមុន។ សម្តេចតេជោ បានលើកឡើងថា បេសកកម្មនោះ មិនត្រឹមតែជួយរកសន្តិភាពឱ្យកម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការធ្វើឱ្យមាន ភាពរីកចម្រើន នៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះកិច្ចសហប្រតិបត្តិការនៃកម្លាំង រក្សាសន្តិ ភាពកម្ពុជា និងជប៉ុន។ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យកម្លាំងរក្សាសន្តិភាពនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យមានសន្តិសុខ សន្តិភាព និងការគោរពច្បាប់នានារបស់ អន្តរ ជាតិ។បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារនោះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំពិធីពិសារភោជនាហារជូនមេបញ្ជាការ និងនាវិកជប៉ុនផងដែរ៕