(Reuters)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ គឺអង្គការសុខភាពពិភពលោក WHO ធ្លាប់បានផ្ដល់យោបល់ឱ្យអ៊ុយក្រែន បំផ្លាញចោលនូវវីរុសដែលមានការគំរាមកំហែងខ្ពស់ នៅតាម មន្ទីរពិសោធន៍មួយចំនួនរបស់ខ្លួន ដើម្បីទប់ស្កាត់ការលេចធ្លាយជាយថាហេតុណាមួយ ដែលអាចនឹងចម្លងជំងឺដល់មនុស្ស។
ដូចគ្នាទៅនឹងប្រទេសដទៃដែរ,អ៊ុយក្រែនមានមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវពីរបៀបកាត់បន្ថយគ្រោះថ្នាក់ និងការគំរាមកំហែងពីជំងឺកាចសាហាវនានា ដែលចម្លងទៅសត្វ និងមនុស្ស ក្នុងនោះរួម មានទាំង COVID-19 ផងដែរ ហើយមន្ទីរពិសោធន៍អ៊ុយក្រែនទៀតសោត គឺទទួលបានការគាំទ្រ ពីអាមេរិក សហភាពអឺរ៉ុប និង WHO។
ឆ្លើយតបទៅនឹងសំណួរផ្ដាច់មុខពីទីភ្នាក់ងារសារព័ត៌មាន Reuters , អង្គការ WHO បានបញ្ជាក់ ដូច្នេះថា «ជាផ្នែកមួយនៃការងារនេះ, WHO បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាល នៅក្នុង ប្រទេសអ៊ុយក្រែន និងអង្គភាពពាក់ព័ន្ធដទៃ បំផ្លាញវីរុសកាចសាវហាវ ឬមានការគំរាមកំហែងខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យវាលេចធ្លាយ ចម្លងជំងឺដល់មនុស្ស»។ ប៉ុន្តែ ជាមួយគ្នានោះដែរ, WHO មិនបានឱ្យ ដឹងថាខ្លួនបានផ្ដល់អនុសាសន៍បែបនេះដល់អ៊ុយក្រែន តាំងតែពីពេលណាមកនោះទេ ហើយក៏មិន បានបង្ហើបពីប្រភេទវីរុស ដែលប្រាប់ឱ្យបំផ្លាញចោលនោះដែរ៕