(កៀវ)៖ តាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ គឺបាន អោយដឹងថា ប្រធានាធិបតីអុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymir Zelenskyy) នៅថ្ងៃសុក្រនេះថា បានចេញមុខច្រានចោលការចោទប្រកាន់ថា អ៊ុយក្រែនបានផលិតឬត្រូវបាន ប្រើប្រាស់ជា ទីតាំងផលិតអាវុធគីមីឬ អាវុធប្រល័យលោក។
តាមរយៈវីដេអូដែលបង្ហោះនៅលើប្រព័ន្ធតេឡេក្រាម លោក ហ្សេលេនស្គី បញ្ជាក់យ៉ាងដូច្នេះថា «គ្មានអាវុធគីមី ឬអាវុធប្រល័យលោកណាមួយ ត្រូវបានបង្កើតឡើងនៅលើដែនដីរបស់អ៊ុយក្រែន នោះទេ។ ពិភពលោកទាំងមូល ដឹងអំពីរឿងនេះ ហើយរុស្ស៉ីផ្ទាល់ក៏ដឹងដូចគ្នាដែរ»។
សូមជម្រាបថា ការបដិសេធនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានកងការពារនុយក្លេអ៊ែរ-គីមី-ជីវ សាស្រ្ត រុស្ស៊ី លោក អ៊ីហ្គ័រ គីរ៉ីលូវ (Igor Kirillov) បានអះអាងថា បណ្តាញនៃមន្ទីរពិសោធន៍ជីវ សាស្រ្តជាង៣០ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមការចុះកិច្ចព្រមព្រៀងជាមួយទី ភ្នាក់ងារ DTRA របស់ក្រសួងការពារជាតិអាមេរិក។ បើតាមលោក គីរ៉ីលូវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ មន្ទីរពិសោធន៍ទាំងនោះ បានទទួលបញ្ជាពីក្រសួងសុខាភិបាលអ៊ុយក្រែន ឱ្យកម្ទេចចោលសារធាតុ គីមីទាំងឡាយ នៅក្នុងមន្ទីរពិសោធន៍ ខណៈអ្វីដែលចាំបាច់សម្រាប់ យកទៅអនុវត្តក្នុងកម្មវិធីជីវ សាស្រ្តយោធា គឺត្រូវបាននាំចេញពីទឹកដីអ៊ុយក្រែនរួចអស់ហើយ៕