(ប៉ារីស)៖ យោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការ របស់សហភាពអឺរ៉ុប ក្នុងទីក្រុង វែកសៃ (Versailles) នៃប្រទេសបារាំង នាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូត (Mark Rutte) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នីតិវិធីនៃការពិចារណាលើសំណើសុំចូលជា សមាជិកសហភាព អឺរ៉ុប (EU) របស់អ៊ុយក្រែន ប្រហែលត្រូវចំណាយពេលជាច្រើនខែ ឬច្រើនឆ្នាំឯណោះ។
លោកនាយករដ្ឋមន្រ្តីហូឡង់ បាននិយាយយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាបានដឹងអំពី ស្ថានភាព លំបាកមិនគួរអោយជឿ ដែលអ៊ុយក្រែនកំពុងស្ថិតនៅ គឺចំពេលមានការវាយប្រហាររបស់រុស្ស៊ី ហើយយើងក៏ភ្ញាក់ផ្អើលជាខ្លាំង នឹងអ្វីដែលកំពុងកើតឡើង»។
លោក Rutte បានបន្ថែមថា «បច្ចុប្បន្នការស្នើសុំរបស់អ៊ុយក្រែន ដើម្បីចូលជាសមាជិកសហភាព អឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលពិចារណា ខណៈវាត្រូវបានប្រគល់ទៅឱ្យគណៈកម្មការអឺរ៉ុបរួច ហើយ។ ប៉ុន្តែយើងនៅមិនទាន់ដឹងថា ត្រូវចំណាយពេលប៉ុន្មានខែ ឬឆ្នាំនោះទេ ទើបអាចមានការ សម្រេចចិត្តទៅបាន។ សូមបញ្ជាក់ថា បន្ទាប់ពីរុស្ស៉ីបានបើកការវាយប្រហារលើអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានចុះហត្ថលេខាលើលិខិតផ្លូវការ ដើម្បីស្នើសុំ ចូលជាសមាជិក EU ជាបន្ទាន់ ហើយសំណើនេះ ក៏មានការគាំទ្រពីប្រទេសជិតខាងអ៊ុយក្រែនមួយ ចំនួនផងដែរ។ យ៉ាងណាក្តី នាពេលនេះ តាមរយៈការលើកឡើងរបស់ នាយករដ្ឋមន្រ្តីហូឡង់ ក្តី សង្ឃឹមរបស់អ៊ុយក្រែន ក្នុងការចូលសមាជិក EU ឱ្យបានភ្លាមៗនោះ គឺហាក់មិនអាចទៅរួចឡើយ៕