(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ជំនួបមួយរវាងរូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រូវបានកំណត់ឡើង និងដើម្បីដោះស្រាយបញ្ហាសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។
លោក ត្រាំ មិនបានបញ្ជាក់ពីកាលរិច្ឆេទច្បាស់លាស់នោះទេ។ មុនពេលកិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំរដ្ឋ នៃគណបក្សសាធារណរដ្ឋ នៅឯរីសត Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida លោក ត្រាំ គូសបញ្ជាក់ថា «គាត់ (លោកពូទីន) ចង់ជួបខ្ញុំ ហើយយើងកំពុងរៀបចំជំនួប»។ ដោយសំដៅលើសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោក ត្រាំ និយាយថា «លោក ពូទីន ថែមទាំងបើកចំហរទៀតថា យើងត្រូវតែឈានដល់ការបិទបញ្ចប់សង្រ្គាម»។
គួរបញ្ជាក់ថា ទីប្រឹក្សារបស់លោក ត្រាំ ធ្លាប់លើកសំណើដើម្បីបញ្ចប់សង្រ្គាម ដែលនឹងប្រគល់ទឹកដីមួយចំនួនទៅឱ្យរុស្ស៉ី ក្នុងពេលអនាគតដ៏ខ្លី។ កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន នឹងស្វាគមន៍ចំពោះបំណងទាក់ទងរបស់លោក ត្រាំ ប៉ុន្តែមិនទាន់មានសំណើផ្លូវការ៕