ល្បែងហ្គេមលើទូរស័ព្ទដៃ កំពុងពង្វក់ក្មេងៗពេញបន្ទុក នៅស្រុកបូទុមសាគរ (Video)

ដោយ ៖ ហ៊ុំ ធឿន

កោះកុង ៖ ហាងកាហ្វេជាច្រើនកន្លែង នៅក្នុងឃុំថ្ម ស ស្រុកបូទុមសាគរ ខេត្តកោះកុង មានបង្កប់ល្បែងហ្គេមទូរស័ព្ទដៃ ឲ្យក្មេងតូចៗ ចូលលេងយ៉ាងអនាធិបតេយ្យ ចំណែកសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាគ្មានអើពើចំពោះទីតាំងខាងលើនេះទេ ធ្វើឲ្យពលរដ្ឋស្តីបន្ទោសថា សម្ថតកិច្ចពាក់ព័ន្ធ ទទួលបានការសែនព្រេន ពីទីតាំងខាងលើនេះ ទើបបានជាគ្មានចំណាត់ការចុះបង្ក្រាប។

ប្រភពព័ត៌មាន ពីឱពុកម្ដាយក្មេងតូចៗជុំវិញទីតាំងខាងលើនេះបានប្រាប់អ្នកយកព័ត៌មានថា ទីតាំងល្បែងហ្គេមទូរ ស័ព្ទដៃខាងលើនេះ បានបើកឲ្យក្មេងតូចៗចូលលេងជារៀងរាល់ថ្ងៃ ដោយម្ចាស់ទីតាំងគេទិញទូរស័ព្ទដៃជាច្រើនគ្រឿង ទុកជួលក្មេងៗតូចៗលេងគិតជាម៉ោង ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតកូនៗរបស់គាត់ ដែលកំពុងពេញវ័យសិក្សា។ ទីតាំងហ្គេមទាំងនោះ គេបើកឱ្យក្មេងតូចៗលេងយ៉ាងអាណាធិបតេយ្យ ដោយពុំខ្លាចសមត្ថកិច្ចឬអាជ្ញាធរបន្តិចសោះឡើយ ។

ប្រភពដដែលបន្តទៀតថា ទីតាំងខាងលើនេះ ត្រូវបានគេស្គាល់ថា ប្តីឈ្មោះវេ ប្រពន្ធឈ្មោះង៉ែត ជាអ្នកបេីកជួលឲ្យ ក្មេងតូចៗ អាយុ៥ ទៅ ៨ឆ្នាំ ចូលលេង ដោយ បានបង្គាប់ប្រាប់ក្មេងៗចូលមកលេងអោយឆ្លើយថា បើមានអ្នកណាមកសួរ កុំឆ្លើយថាជួលទូរស័ព្ទលេង។
ទីតាំងបើកលេងហ្គេមខាងលើនេះ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បើកប្រមាណជា៥ទៅ ៦ខែមកហើយ មិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចរូបណាអើពើនឹងទីតាំងល្បែងខាងលើនេះឡេីយ សង្ស័យតែអជ្ញាធរពាក់ព័ន្ធដេកលក់អស់ហើយមើលទៅ បានជាគ្មានចំណាត់ការបែបនេះ។

បើយោងតាមការបង្ហាញពីម្ចាស់ទីតាំងហ្គេមខាងលើ បន្ទាប់ពីអ្នកសារព័ត៌មានចុះផ្តិតរូបភាពរួច បានប្រាប់ឲ្យដឹងថា ការបើកហ្គេមឲ្យក្មេងលេង មិនមែនតែមានទីតាំងគាត់នោះទេ គឺមានទីតាំងជាច្រើនទៀត នៅក្នុងឃុំថ្ម ស នេះ បានបើកលេងខ្នាតធំជាងគាត់ទៅទៀត ហើយបើបង្រ្កាបសូមឲ្យបង្ក្រាបទាំងអស់ ។

គួរបញ្ជាក់ថា ទីតាំងល្បែងជាច្រើននៅក្នុងឃុំថ្មសនេះ ហាក់បីដូចជាផ្គើនទៅនឹងអនុសាសន៍របស់សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវលុបបំបាត់ទីតាំង ល្បែងស៊ីសង ចាក់ភ្នាល់លុយកាក់ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានអោយមានប្រសិទ្ធភាព។

ពលរដ្ឋជាច្រើនដែលត្រូវជាឪពុកម្តាយក្មេងតូចៗខាលើ បានសំណូមពរដល់ លោក ហាក់ ឡេងអភិបាល នៃគណៈអភិបាល ស្រុកបូទុមសាគរ សូមមេត្តាជួយចុះពិនិត្យបង្ក្រាបទីតាំងល្បែងជាច្រើនទីតាំងខាងលើនេះផង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ កាត់បន្ថយឲ្យបាននូវបទល្មើសផ្សេងៗនៅក្នុងសង្គម។

ពាក់ព័ន្ធករណីល្បែងខាងលើនេះ បានធ្វើឲ្យឪពុកក្មេងម្នាក់អត់ទ្រាំពុំបាន ដោយបង្ខំចិត្តនាំកូនរបស់គាត់អាយុប្រមាណជាង៧ឆ្នាំ ទៅ ដល់ប៉ុស្តិ៍រដ្ឋបាល ឃុំថ្មស ដោយបានបញ្ជាក់រៀបរាប់ពីផលប៉ះពាល់ដល់ការសិក្សាកូនរបស់គាត់ផងដែរ ។

លោកមាស ភា នាយប៉ុស្តិ៍រដ្ឋបាល ឃុំថ្មស បន្ទាប់ពីទទួលបានព័ត៌មានពីឪពុកក្មេងខាងលើ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌ មានថា លោកនឹងអញ្ជើញម្ចាស់ទីតាំងបើកល្បែងហ្គេមទូរស័ព្វខាងលើនេះ មកធ្វើកិច្ចសន្យា ដោយពុំឲ្យមានបើកបន្តទៀតនោះទេ ។ ហើយលោកថា កន្លងមក លោកមិនបានដឹងដែរ ហើយហ្គ្វេមដែលគេបើកលេងតាមទូរស័ព្វដៃនេះ លោកពុំបានចាប់អារម្យនោះដែរ ។ ហើយថាមានបើកល្បែងតាមផ្ទះជាច្រើនទៀតនោះ លោកនិងដាក់កម្លាំងចុះសើបពិនិត្យ ដើម្បីលុបបំបាត់ឲ្យអស់មិនឲ្យមាននៅក្នុងមូលដ្ឋានរបស់លោកនោះទេ ៕