រសៀលនេះសម្តេចតេជោ អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ


 (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងស្ថាប័នដទៃរបស់រដ្ឋ គឺតែងតែរៀបចំកម្មវិធីប្រជុំបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅរៀងរាល់ដំណាច់ឆ្នាំ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងបំណង ពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចនៅក្នុងឆ្នាំចាស់ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីស្វែងរក និងដាក់ចេញនូវគន្លឹះផ្សេងៗដោះស្រាយបញ្ហាប្រឈមទាំងនោះសម្រាប់ឆ្នាំថ្មី។ បន្ថែមពីលើនោះតាមរយៈកិច្ចប្រជុំនោះ ក៏នឹងដាក់ចេញនូវផែនការសកម្មភាពការងារ ដែលត្រូវ អនុវត្តសម្រាប់ឆ្នាំថ្មីផងដែរ។

ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២២ នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ។ ពិធីបើកសន្និបាត ត្រូវបានធ្វើ ឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីបើកសន្និបាតម្សិលមិញនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគារធិ ការរង អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានក្រុមប្រឹក្សារាជធានីខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាននានា ស្នងការ និងស្នងការរងរាជធានីខេត្ត ភ្ញៀវកិត្តិយស និងសមាជិកសមាជិកាមួយចំនួនទៀត៕