(ព្រះសីហនុ)៖ «ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ជាក្ដីសង្ឃឹមថ្មីរបស់ខេត្តព្រះសីហនុ និងជាទំនួលខុសត្រូវដ៏ខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិផងដែរ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋាន ខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងប្រគល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស «A» នៅវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា លោកគ្រូអ្នកគ្រូក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការ ចូលរួមដុសខាត់កែច្នៃទំពាំងដែលជាអ្នកស្នងប្រទេសជាតិ និងខេត្តព្រះសីហនុ ដើម្បីឆ្ពោះ ទៅរកការ អភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តម ក៏បាននាំនូវការសួរសុខទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគត ដែលជានិច្ចកាល លោក តែងគិតគូរ និងខិតខំស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពស៊ាំក្នុង សហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលធ្វើឱ្យការប្រឡងរបស់ពួកគេប្រព្រឹត្តទៅដោយជោគ ជ័យ។ តាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា ២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខេត្តព្រះសីហនុមានបេក្ខជនដាក់ ពាក្យប្រឡងចំនួន១,៣៥២នាក់ (ស្រី ៧១០នាក់) ក្នុងនោះមានអ្នកប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖ និទ្ទេស A មានចំនួន២០នាក់ (ស្រី០៩នាក់)។ សិស្សនិទ្ទេស B មានចំនួន៦៧នាក់(ស្រី៤៣នាក់) និទ្ទេស C មានចំនួន១៧០នាក់ (ស្រី៩៩នាក់) និទ្ទេស D មានចំនួន៣៧២នាក់ (ស្រី២០៩នាក់) និងនិទ្ទេស E មានចំនួន៣៩៤នាក់ (ស្រី២០២ នាក់)។
សម្រាប់សិស្សានុសិស្សជ័យលាភីនាពេលនេះ ទទួលបានការលើកទឹកចិត្តរួមមាន៖ និទ្ទេស A ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា៥០០ដុល្លារ, និទ្ទេស B ចំនួន៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០ដុល្លារ និងនិទ្ទេស C ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០ដុល្លារ។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស «A,B,C» នៅខេត្តព្រះសីហនុនាពេលនេះ ក៏មានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ៕