លោក ចូ បៃដិន គ្រោងតែងតាំងអតីតអ្នកអនុវត្តទណ្ឌកម្ម លើកូរ៉េខាងជើង ឲ្យធ្វើជាអគ្គរដ្ឋទូតថ្មីប្រចាំកូរ៉េខាងត្បូង

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រ សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកកំពុងមានគម្រោងតែងតាំងលោក ហ្វីលីព ហ្គោលដ៍ប៊ឺក (Philip Goldberg) ឲ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេស កូរ៉េខាងត្បូង។

លោក Philip Goldberg ត្រូវបានគេដឹងថា ជាមន្ត្រីប្រកបដោយបទពិសោធន៍ខ្ពស់មួយរូប ដែលធ្លាប់កាន់ដំណែងជា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកូឡុំប៊ី និងក្រោយមកទៀត គឺនៅប្រទេសគុយបា, ហ្វីលីពីន និងបូលីវីផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺលោក ធ្លាប់បំពេញតួនាទីជាអ្នកសម្រសម្រួល នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តទណ្ឌកម្មលើកូរ៉េ ខាងជើង ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ កាលពីឆ្នាំ២០០៩-២០១០។

កាលពីខែមុននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានចេញផ្សាយអំពីលទ្ធភាព ដែលលោក Philip Goldberg អាចនឹងត្រូវតែងតាំងជាអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅប្រទេសកូរ៉េខាងត្បូងផង ដែរ។ បេសកកម្មការទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានស្ថិតនៅត្រឹម កម្រិតភារធារីអស់រយៈពេលជាង ១ឆ្នាំមកហើយ គិតចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់ តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលកាលណោះ អតីត ឧត្តមនាវីឯក ហារី ហារីស (Harry Harris) បានប្រកាសលាលែងចេញពីតំណែងនេះ៕