កម្ពុជា ស្នើស៊ុយអែត បន្តផ្ដល់ជំនួយមនុស្សធម៌សម្រាប់សកម្មភាពដោះមីន

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោក ប្រាក់ សុខុន បានស្នើដល់រដ្ឋាភិបាលស៊ុយអែត ពិចារណាឡើងវិញ លើការផ្ដល់ជំនួយមនុស្សធម៌ សម្រាប់វិស័យដោះមីននៅកម្ពុជា ដោយសារកម្ពុជា មានផែនការដោះមីនឲ្យអស់នៅឆ្នាំ២០២៥។ ចាប់តាំងពីឆ្នាំឆ្នាំ១៩៩២ មក រដ្ឋាភិបាលកម្ពុជា បានទទួលជំនួយសម្រាប់សកម្មភាពដោះមីន បាន ១៨០០គីឡូម៉ែត្រក្រឡា ប៉ុណ្ណោះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ដូច្នេះនៅក្រោយជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតថ្មីប្រចាំ កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស៊ុយអែត ដែលតែង តែផ្ដល់ជំនួយជាច្រើនលើការអភិវឌ្ឍវិស័យអភិបាលកិច្ច អប់រំ និងការបណ្ដុះបណ្ដាលសមត្ថភាពការ ងារដល់មន្ត្រីរាជការ ក៏ដូចជានិស្សិតកម្ពុជា វិស័យសិទ្ធិមនុស្ស ដោះមីន ផ្ដល់ជំនួយដល់សាលាក្តី ខ្មែរក្រហម យេនឌ័រ ដែលជំនួយទាំងនោះ បានជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាច្រើននៅ កម្ពុជា។

នៅក្នុងជំនួបនោះដែរ លោក ឯកអគ្គរដ្ឋទូត ស៊ុយអែត បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ នាពេលកន្លងមក និងលើកពីផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ដៃគូរសហការ រវាងស៊ុយអែត និងកម្ពុជា ពីឆ្នាំ២០២0 ដល់ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព សកម្មភាពដោះមីន ក្រោមឆ័ត្រអង្គការសហប្រជា ជាតិ ដែលជាការរួមចំណែកដល់សុខ សន្តិភាព នៃពិភពលោក។

ឯកអគ្គរដ្ឋទូត ស៊ុយ អ៊ែត ក៏បានបញ្ជាក់ផងដែរ អំពីផែនការយុទ្ធសាស្ត្រ កិច្ចសហការ រវាង ស៊ុយអែត និងកម្ពុជាពីឆ្នាំ២០២០ ឆ្នាំ២០២៤ ដែលផ្ដោតទៅលើវិស័យសំខាន់ៗរួមមាន ៖ វិស័យ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ វិស័យអប់រំ និង កិច្ចសហការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ដែលកន្លងមករដ្ឋាភិបាល ស៊ុយអែតបានផ្ដល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជា ប្រមាណជាង៧០០នាក់ ទៅបន្តការសិក្សានៅក្នុងប្រទេស ស៊ុយអែត៕