កម្ពុជា បង្ហាញពីអត្ថប្រយោជន៍ពីសមាគមអន្តរជាតិ ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវមកពី ១៤០ទីក្រុងនៅជុំវិញពិភពលោក ដែលនឹងមកចូលរួមមហាសន្និបាត សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ហៅកាត់ថា AIMF (លើកទី៣៩) ហើយដើម្បីអោយ ប្រជាពលរដ្ឋយល់ច្បាស់អំពីអត្ថន័យ ខ្លឹមសារ និងអត្ថប្រយោជន៍ នៃមហាសន្និបាតនេះ។

នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹក ថ្ងៃទី២៩ វិច្ឆិកា នៅសាលារាជធានី ភ្នំពេញ ដោយមានសារព័ត៌មានជាតិ អន្តរជាតិ ចូលរួមយកព័ត៌មាន ជាច្រើនអង្គភាព។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាស ន៍ លើកឡើងថា មហាសន្និបាទសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលនឹង ធ្វើឡើងនៅដើមខែធ្នូនេះ មានប្រធានបទ ឬ កម្មវិធីសំខាន់ៗចំនួន៣ ក្នុងនោះមាន៖ ទី១ បើកមហា សន្និបាត ដើម្បីអនុមតិនូវការងារសំខាន់មួយចំនួន និងការដាក់ទិសដៅការងារនៅឆ្នាំ បន្ទាប់របស់ សមាគមន៍។ ទី២ ក្រោយបើកមហាសន្និបាត ធ្វើសន្និសីទ បច្ចេកទេស ពាក់ព័ន្ធទៅនឹងការរៀបចំ ក្រុងឡើងវិញ បន្ទាប់ពីមានគ្រោះមហន្តរាយនានា និងកម្មវិធីទី៣ ជាកម្មវិធី ផ្លូវការណ៍ ដោយមាន កិច្ច ប្រជុំអចិន្ត្រៃយ៍ ដែលមានតែ២៧ទីក្រុងប៉ុណ្ណោះចូលរួម ដើម្បីអនុមតិ លើ របាយការណ៍សំខាន់ ៗ មួយចំនួនសម្រាប់ដាក់ឆ្លងមហាសន្និបាត។

លោកបន្តថា ការបង្កើតសមាគមនេះឡើង គឺដើម្បីចងក្រងប្រទេសដែលប្រើភាសាបារាំងសម្រាប់ ចែករំលែកបទពីសោធន៍ ដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ក៏ដូចជាពង្រឹងនូវសម្ព័ន្ធមេត្រីភាព រវាង ទីក្រុងនិងទីក្រុង។

សូមជម្រាបថា សមាគមនេះ ត្រូវបានបង្កើតឡើង ដើម្បីចងក្រង ប្រមូលផ្តុំបណ្តា ទីក្រុងទាំងអស់ ចែករំលែកបទពិសោធន៍គ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា និងជួយគ្នាទៅវិញទៅមក មានន័យថា ទីក្រុងធំ ត្រូវជួយមកទីក្រុងដែលមានតម្រូវការអភិវឌ្ឍដោយ ជួយជាជំនួយបច្ចេកទេស ឬ ផ្តល់ជាមូលនិធិពីអង្គការនានា នៅលើពីភពលោក តាមរយៈ AIMF នេះ៕