(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាននឹងរៀបចំសន្និសីទសារព័ត៌មាន កិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ ទីស្តីការក្រសួងបរិស្ថាន។
យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនត្រូវបានអនុម័ត និងដាក់ជូនលេខាធិ ការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
ការដាក់ជូនយុទ្ធសាស្ត្រនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពី «បហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ» នៅក្នុងខែធ្នូឆ្នាំ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រនេះ នៅដំណាច់ឆ្នាំ២០២១។
យុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រទេសគាំទ្រនូវសកម្មភាព ពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗ ខ្លួន» ក្រោមអនុសញ្ញា UNFCCC៕