ធនាគារ ហត្ថា រៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៤ សម្រាប់ឆ្នាំ២០២១ ក្រោមប្រធានបទ“រួមគ្នាសាងអនាគតដ៏ប្រសើរ”

ក្រុងព្រះសីហនុថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ធនាគារ ហត្ថាដែលគេស្គាល់ថាជាធនគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ក្នុងប្រទេសកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ លើកទី២៤ ក្រោមប្រធានបទ “រួមគ្នាសាងអនាគតដ៏ប្រសើរ” ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ​ក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង របស់ធនាគារ ហត្ថា។ មហាសន្និបាតប្រចាំឆ្នាំនេះ ត្រូវបាន​ប្រារព្ធឡើងក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែលសម្រេចបានក្នុង​ឆ្នាំ២០២១ ​និង​បង្ហាញពីផែនការយុទ្ធសាស្រ្ត ព្រមទាំងគោលដៅសម្រាប់ឆ្នាំ ២០២២។ បន្ថែមពីលើនេះទៀត កម្មវិធីប្រចាំឆ្នាំនេះ​ក៏មាន​គោលបំណងក្នុង​ការ​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិក​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​បំពេញការងារនាំ​ភាព​រីកចម្រើន និងភាពជោគជ័យ​ជូន​ធនាគារ ហត្ថា ព្រម​ទាំង​ផ្សាភ្ជាប់ការតាំង​ចិត្តក្នុង​ការ​សម្រេច​​ផែនការក្នុង​​ឆ្នាំថ្មី។

លោក ឧកញ៉ា​ ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖  “ឆ្នាំ២០២១ កន្លងទៅនេះ ជាឆ្នាំដែលយើងទាំងអស់គ្នាបានតស៊ូអត់ធ្មត់ទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងសកម្មហើយឆ្លៀងក្នុងឱកាសនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ និងគ្រប់គ្រងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩នេះយ៉ាងមានប្រសិទ្ធភាពបំផុតរហូតប្រទេសរបស់យើងអាចបើកដំណើរការឡើងវិញយ៉ាងប្រសើរ” ។

លោកបានបន្ថែមទៀតថា “តាងនាមឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ខ្ញុំចាត់ទុកឆ្នាំ ២០២១ នេះ ជាឆ្នាំដ៏មមាញឹក ជាឆ្នាំដែលបានផ្តល់នូវចំណេះដឹង មេរៀន និងបទពិសោធន៍ថ្មីៗជូនមហាគ្រួសារ ធនាគារ​ ហត្ថា ក្នុងការរួបរួមគ្នាលើកកម្ពស់សមត្ថភាពដឹកនាំ លើកស្ទួយកិត្យានុភាព និងវឌ្ឍនភាព ​ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរនៃធនាគារ ហត្ថា។ ជាមួយនឹងស្មារតីពុះពារ យុទ្ធសាស្រ្តរឹងមាំ និងចក្ខុវិស័យដ៏វែងឆ្ងាយ ធនាគារ​ ហត្ថា បានគ្រប់គ្រងកំរិតហានិភ័យពីផលប៉ះពាល់នៃជំងឺកូវីដ១៩បានយ៉ាងជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដែលនាំឱ្យយើងទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ស្របទៅតាមផែនការដែលបានកំណត់កាលពីដើមឆ្នាំ២០២១។”លោកបានសង្កត់ធ្ងន់ថា៖ “ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលក្នុងឆ្នាំ២០២១ ដែលយើងទាំងអស់គ្នា​បានប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយបង្កើននូវគុណភាពផលិតផល និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដែលជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើប និងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់។ច្បាស់ណាស់ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យធនាគារ ហត្ថា បន្តរក្សាបាននូវកេរ្ត៍ឈ្មោះ និងភាពរឹងមាំនៅលើទីផ្សារហិរញ្ញវត្ថុ។” 

នាឱកាសនោះ​ដែរ​លោក​បាន​បង្ហាញ​នូវ​សមិទ្ធផលសំខាន់ៗមួយចំនួនដែល​សម្រេចបាន​គិតត្រឹម​ដំណាច់ខែធ្នូ ​ឆ្នាំ២០២១ ដែលរួមមាន ផលប័ត្រឥណទាន​សម្រេចបាន ​១.៦៩១លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ​សរុប​ចំនួន ១.០២៨លានដុល្លារអាមេរិក ប្រាក់ចំណេញសុទ្ធចំនួន ៥០,៦៩លានដុល្លារអាមេរិកបើគិតតាមប្រព័ន្ធ CIFRS ឬ ៤១,៩៤លានដុល្លារអាមេរិក បើគិតតាមប្រព័ន្ធ CASហើយជាពិសេសនោះគឺផលប័ត្រឥណទានស្ថិតក្នុងកម្រិតហានិភ័យ មានអត្រាទាបត្រឹមតែ ​០,៨% ប៉ុណ្ណោះ។

អំពីធនាគារ ហត្ថាគួររំលឹកផងដែរថា ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕