(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងរីករាយសហការជាមួយ កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា (Mrs Cambodia World) ដើម្បីពង្រីក ការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងនោះក៏មានការចូល រួមពីបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា នៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកផងដែរ។
គួរជម្រាបថា កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជានេះ គឺត្រូវបានរៀបចំលើក ដំបូងសម្រាប់កម្ពុជា ដោយមានគោលបំណងចូលរួមលើកកម្ពស់ស្ត្រីខ្មែរ និងដើម្បីចូលរួមផ្សព្វផ្សាយ ពីវិស័យវប្បធម៌ អរិយធម៌ខ្មែរ វិស័យទេសចរណ៍នៅកម្ពុជាជាដើម។ ម្យ៉ាងវិញទៀត ក៏មានការ អញ្ជើញអតីតម្ចាស់ជ័យលាភីលោកស្រីឯកកាលីហ្វ័រញ៉ា ឆ្នាំ២០១៥-២០១៦ ដែលមានសញ្ជាតិដើម កម្ពុជា ធ្វើជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជានេះផងដែរ។
ការប្រកាសគាំទ្រចំពោះកម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ជាមួយតំណាងរៀបចំកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា ដឹកនាំ ដោយលោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ (Jacqueline P. Bhagavan) ដែលត្រូវបានផ្ដល់កិត្តិយសជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា និងលោក ម៉ែន សីហា ស្ថាបនិករងនៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា។ ជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ បានជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន យ៉ាង ដូច្នេះថាបច្ចុប្បន្នលោកស្រីជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជានៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោក។ ប៉ុន្តែស្របពេលដែលនៅប្រទេសកម្ពុជារៀបចំកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាដែរនោះលោកស្រីក៏ត្រូវបានផ្ដល់កិត្តិយសជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា។ ម្យ៉ាងទៀត លោកស្រី ចាកឃ្លីន ក៏ជាអតីតម្ចាស់ជ័យលាភីលោកស្រីឯកកា លីហ្វ័រញ៉ា ឆ្នាំ២០១៥-២០១៦ ផងដែរ។
លោកស្រី ចាកឃ្លីន មានសញ្ជាតិដើមកម្ពុជា ប៉ុន្តែលោកស្រីមានគ្រួសារនិងរស់នៅសហរដ្ឋ អាមេរិក។ ទោះបីទទួលបានសញ្ជាតិអាមេរិកក៏ដោយ លោកស្រីនៅតែស្រលាញ់ប្រទេសកម្ពុជាដែរ ម្យ៉ាងលោកស្រីក៏បានចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសលោកស្រីឯកពិភពលោកទៀតផងនោះ ក៏ឆ្លៀតយកឱកាសជួយចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ពិសេសវិស័យវប្បធម៌ អរិយធម៌ វិស័យទេសចរណ៍ ប្រពៃណី ទំនៀមទម្លាប់ខ្មែរជាដើម។
អតីតម្ចាស់ជ័យលាភីលោកស្រីឯកកាលីហ្វ័រញ៉ារូបនេះ បានប្ដេជ្ញាស្ម័គ្រខ្លួននឹងចូលរួមផ្សព្វផ្សាយអំពី កម្ពុជានៅលើវេទិកាប្រកួតជ្រើសរើសជ័យលាភីលោកស្រីឯកពិភពលោក ដែលនឹងប្រព្រឹត្តទៅនាចុង ឆ្នាំ២០២២ខាងមុខ។
ជាការស្វាគមន៍ចំពោះទឹកចិត្តដ៏ប្រពៃនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាង ពេញទំហឹងចំពោះកម្មវិធី Mrs Cambodia World ក៏ដូចជាកិច្ចការនិងសកម្មភាពរបស់លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ ផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីបានកោតសរសើរចំពោះលោកស្រី ចាកឃ្លីន យ៉ាងដូច្នេះថា កិច្ចការនេះពិតជាបាន លើកកម្ពស់កិត្យានុភាពជាតិយ៉ាងសំខាន់ ពិសេសកម្មវិធី ក៏ដូចជាសកម្មភាពរបស់លោកស្រីនឹងជួយ ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរទំនៀមទម្លាប់ប្រពៃណីខ្មែរនិងជួយផ្សព្វផ្សាយពីសក្ដានុពលទេស ចរណ៍ គោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដល់កិត្តិយសបន្ថែមទៀតដល់លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ ធ្វើជាទូតសុឆន្ទៈក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងសក្ដា នុពលទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈកម្មវិធីប្រកួតជ្រើសរើសជ័យលាភីលោក ស្រីឯកពិភពលោក ក៏ដូចជាកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ ជាព័ត៌មានសំខាន់បន្ថែមទៀតថា ក្នុងបរិបទកូវីដ១៩នេះ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមួយសម្រាប់ភ្ញៀវទេសចរ ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនដល់ប្រជាជនជាង៩០ភាគរយហើយ ដែលបានធ្វើឱ្យមានភាពស៉ាំក្នុងសហគមន៍ និងជាកត្តាមួយចូលរួមទាក់ទាញភ្ញៀវ ទេសចរផងដែរ។
ឯកឧត្តម បានបន្តថា កន្លងទៅ កម្ពុជាបានសម្រេចការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) ខណៈប្រតិភូអន្តរជាតិដែលបានមកចូលរួម នៅពេលត្រលប់ទៅវិញគឺមិនមានបញ្ហាពី ករណីឆ្លងមេរោគកូវីដ១៩នោះឡើយ ដែលនេះគឺសបញ្ជាក់ឱ្យឃើញថាកម្ពុជាជាគោលដៅ ទេសចរណ៍សុវត្ថិភាព។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវនីតិវិធីប្រតិបត្តិស្ដង់ដា អប្បបរមា (SOP) វិធានសុវត្ថិភាពទេសចរណ៍ និងការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធ្វើឱ្យសេវាកម្មទេសចរណ៍កាន់តែមានភាពល្អប្រសើរសម្រាប់ការទទួលភ្ញៀវទេសចរ សំដៅធ្វើ យ៉ាងណាឱ្យគោលដៅទេសចរណ៍កម្ពុជាជាគោលដៅសុវត្ថិភាព និងមានជំនឿទុកចិត្តពី សំណាក់ភ្ញៀវទេសចរ៕