(ញូយ៉ក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ គឺ បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះបាន និយាយដោយរំពឹងថាចិននឹងបញ្ចុះបញ្ចូល ឬជំរុញឱ្យរុស្ស៊ីធ្វើរឿងដែល ត្រឹមត្រូវស្ដីពីវិបត្តិអ៊ុយក្រែន ដែលនេះបានធ្វើឱ្យសមភាគីចិនរបស់លោកស្រី ឆ្លើយតបវិញភ្លាមៗជាមួយការអំពាវនាវឱ្យមានដំ ណោះស្រាយការទូត និងបញ្ចប់រាល់ សកម្មភាពដែលបង្កភាពតានតឹង។
អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN។ លោកស្រីបានបញ្ជាក់ដូច្នេះថា «យើងសង្ឃឹមថាចិនអាចនឹងដើរតួនាទីជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ… ចិនបានបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងនៅឯក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចការពារបូរណ ភាពព្រំដែន និងអធិបតេយ្យភាពនៃរដ្ឋដទៃ ដែលនេះបង្ហាញយ៉ាងច្បាស់ថាអ្វីដែលរុស្ស៊ីកំពុងធ្វើ នោះគឺ ពួកគេកំពុងគំរាមកំហែងបូរណភាពនៃព្រំដែនប្រទេសមួយ (អ៊ុយក្រែន)»។
តែយ៉ាងណាក៏ដោយ ជាការឆ្លើយតប អគ្គរដ្ឋទូតចិនប្រចាំ UN លោក ហ្សាង ជុន (Zhang Jun) បានសង្កត់ធ្ងន់ថាជំហររបស់ចិន នោះគឺដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការទូត ហើយបញ្ឈប់ រាល់សកម្មភាពដែលនាំឱ្យមានភាពតានតឹង ខណៈការបារម្ភពីសន្តិសុខរបស់រុស្ស៊ីគួរតែត្រូវបាន ដោះស្រាយយ៉ាងយកចិត្តទុកដាក់៕