(ភ្នំពេញ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា កម្ពុជា អាចស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះមកអត្រាវិជ្ជមាន ហើយនឹងបន្តកើនឡើងខ្ពស់រហូតដល់ ជាង៥% ក្នុងឆ្នាំ២០២២នេះ ដោយសារតែការបើកប្រទេស និងការវិលត្រលប់ទៅរកកិច្ចដំណើរការ ជាប្រក្រតីឡើងវិញ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ និងសមិទ្ធផលនានា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអាចស្តារ និងជំរុញកំណើនសេដ្ឋ កិច្ចឡើងវិញ ពីការធ្លាក់ចុះក្នុងអត្រា-៣,១% ក្នុងឆ្នាំ ២០២០ មកអត្រាវិជ្ជមានប្រមាណ៣% ក្នុងឆ្នាំ ២០២១ ហើយកំណើននេះត្រូវបានព្យាករថា នឹងបន្តកើនឡើងខ្ពស់រហូតដល់ជាង ៥% ក្នុងឆ្នាំ ២០២២ នេះ ដោយសារតែការបើកប្រទេស និងការវិលត្រលប់ទៅរកកិច្ច-ដំណើរការជាប្រក្រតីឡើង វិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា កម្ពុជាអាចចាកចេញពីវិបត្តិនៃជំងឺ កូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ប្រកបដោយភាពរឹងមាំ, ដោយម្ខាង កម្ពុជាអាចបង្កើត បាននូវភាពស៊ាំសហ គមន៍ពេញលេញ ដែលជួយធានាសុវត្ថិភាពសុខភាពសាធារណៈ ដោយទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ឲ្យស្ថិតនៅក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក៏ដូចជាកាត់បន្ថយនូវអត្រា នៃការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងអត្រាមរណភាព ដោយ សារជំងឺកូវីដ-១៩។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ឈរលើមូលដ្ឋាននេះ, ជាមួយនឹងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល នឹងផ្តោតជាសំខាន់លើការស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច ឲ្យវិលត្រឡប់ទៅរកវិថីនៃកំណើនសក្តានុពលរបស់ខ្លួនឡើងវិញ ពិសេស តាមរយៈការជំរុញការអនុវត្តក្របខណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដែលរាជរដ្ឋា ភិបាល ទើបបានប្រកាសដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយឈរ លើសសរស្តម្ភចំនួន ៣ (ឬហៅកាត់ថា 3 Rs) ដែលរួមមាន៖ (១)-ការស្តារឡើងវិញនូវកំណើន ក្នុងវិស័យសំខាន់ៗ ដែលជាចន្ទល់សេដ្ឋកិច្ច (Recovery), (២)-ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះ រឹងមាំសម្រាប់កំណើន, ពិពិធកម្ម, និង ភាពប្រកួត-ប្រជែង (Reform), និង (៣)-ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន (Resilience)។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមវាយតម្លៃខ្ពស់ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់ដៃគូទាំងអស់ ដែលកន្លងមកបានជួយគាំទ្រ និងជ្រោមជ្រែងដល់ប្រទេសកម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ តាមរយៈការផ្តល់ជូនឲ្យកម្ពុជា នូវវ៉ាក់សំាងបង្ការជំងឺកូវីដ-១៩, សម្ភារៈបរិក្ខារសុខាភិបាល និងរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយទាំងនេះ គឺជាសក្ខី កម្មមួយ ដែលបានឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌, សន្តានចិត្តជ្រាលជ្រៅ និងការទទួលខុសត្រូវ របស់ដៃគូ និងបណ្តាប្រទេសជាមិត្ត ក្នុងការជួយគាំទ្រប្រទេស ដែលធនធាន និងលទ្ធភាពនៅមាន កម្រិត ដូចជាកម្ពុជា ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕