(ញូយ៉ក)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអោយដឹងថាសហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះបានអំពាវនាវឱ្យកូរ៉េ ខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន ខណៈរុស្ស៊ី និងចិន រិះគន់ការដាក់ទណ្ឌកម្ម ដែលពួកគេយល់ថាបានធ្វើឱ្យស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើង កាន់តែមានសភាពអាក្រក់ឡើង ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោក ស្រី លីនដា ថូម៉ាស់-ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានបញ្ជាក់ដូច្នេះថា «យើងអំពាវ នាវឱ្យកូរ៉េខាងជើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសុខមាលភាពប្រជាជនរបស់ខ្លួន តាមរយៈការគោរព សិទ្ធិមនុស្ស, បញ្ឈប់ការចំណាយលុយទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគខុសច្បាប់» ។ លោកស្រី បន្ថែមថាកូរ៉េខាងជើងគួរតែផ្តោតជាអាទិភាពលើតម្រូវការចាំបាច់នៃ ប្រជាជនរបស់ខ្លួន ជាពិសេសគឺប្រជាជនកូរ៉េខាងជើងងាយរងគ្រោះ៕