(ក្រចេះ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩។ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០០២នេះ នឹងរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា។
ការប្រកាសរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ ក៏ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាប់តាំងដូសមូលដ្ឋាន រហូតដូសទី៣ ឬដូសជំរុញ ព្រមទាំងបន្តចាក់វ៉ាក់សាំងដូសទី៤ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៦៣,៦៧៦នាក់។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «អញ្ចឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងប្រឹងប្រែង ដើម្បីធ្វើយ៉ាងម៉េចកុំឱ្យដើរថយក្រោយ ខានចូលឆ្នាំ ២ឆ្នាំហើយ អាឡូវឆ្នាំនេះ (២០២២) គឺប្តូរផ្តាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឃ្លាតពីគ្នាបន្តិច»។
ជាមួយគ្នានឹងការប្រកាសប្តូរផ្តាច់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ១លាននាក់ ដែលបានដើរកម្សាន្តកាលពីថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ប៉ុន្តែ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនតិចតួចបំផុត ទាំងនេះដោយសារតែប្រជាពលរដ្ឋភាគច្រើនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រមទាំងការពាក់ម៉ាស់ និងការអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ បានយ៉ាងខ្ជាប់ខ្ជួន ដែលជារនាំងការពារជំងឺរាតត្បាតមួយនេះ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ខណៈជំងឺកូវីដ១៩ ប្រភេទថ្មី អាល់ហ្វា និងដែលតា ដែលជាជំងឺដ៏កាចសាហាវនាំឱ្យមនុស្សស្លាប់បច្ចុប្បន្ននេះ បានចេញផុតពីកម្ពុជាហើយ ប៉ុន្តែ ជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង កំពុងតែបន្តឆ្លងនៅក្នុងប្រទេសកម្ពុជា ហើយសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ គឺរកឃើញចំនួន១០៨ករណី៕