(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ថវិកាដែលទទួលបាន ពីការលក់សៀវភៅរឿង «គូព្រេង មិនព្រាត់» និងថវិកាចំនួន១លានដុល្លារអាម៉េរិក ដែលទទួលបាន ពីពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
សៀវភៅ «គូព្រេងមិនព្រាត់» ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសរសេរជាភាសាខ្មែរ អង់គ្លេស និងភាសាចិន ត្រូវបាន ដាក់លក់ ជាបន្តបន្ទាប់។ ចំពោះថវិកាដែលទទួលបានពីការលក់សៀវភៅនេះ សម្តេចនឹងប្រើប្រាស់ ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។
ចំពោះ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២វិញ គឺសម្តេចបានទទួលពីមូលនិធិសន្តិភាពស៊ុន ហាក់ កាលពីចុងខែមករា កន្ងលទៅ ហើយពិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូល៕