(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ អោយដឹង ថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករ ទឹកស្វយ័តក្រុង ភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្ត បន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុង តាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។
បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និង ផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគូប/ថ្ងៃ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្ម ភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា ៨សែនម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជា យក្រុងតាខ្មៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ទៀតថា «ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែល អាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅបន្ថែមលើ សមត្ថភាពផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូប/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់ បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)»។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តថា ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជន ទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅ ក្នុងតំបន់ជាយក្រុង៕