(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែល ទទួលបាន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះបានអោយដឹងថានៅក្នុងខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករ បានចំនួន៥៣,០៣៦តោន គិតជាទឹកប្រាក់ចំនួន ៣៥.៧២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅទីផ្សារចំនួន ៣៤។ គោលដៅទីផ្សារទាំង៣៤នោះរួមមាន៖ ប្រទេសចិន និងតំបន់ស្វយ័តហុងកុងបានស្រូបយកចំនួន ៥៨.៧៩% ឬ ស្មើនឹង ៣១ ១៨១ តោន ប្រទេសចំនួន ១៦ នៅក្នុងទ្វីបអ៊ឺរ៉ុបបានចំនួន ១២ ៥៤២ តោន ឬស្មើនឹង ២៣.៥៨% ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ៣ ចំនួន ៦ ២៧៧ តោន ឬស្មើនឹង ១១.៨៤% និងគោលដៅផ្សេងចំនួន១៣ ប្រទេស និងតំបន់បានចំនួន ៣ ០៧២ តោន ឬស្មើនឹង ៥.៥២%។
បរិមាណអង្ករនាំចេញនេះគឺមានកំណើនចំនួន ៥៤.៧៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១។ ក្នុងខែមករា នេះដែរ ការនាំចេញស្រូវមានចំនួន ២៧៥ ៥១១ តោន គិតជាទឹកប្រាក់ ប៉ាន់ស្មានមានប្រមាណជា ៦០.៦១ លានដុល្លារសហរដ្ឋអាមេរិក។
គួបញ្ជាក់ដែរថា៖ កាលពីឆ្នាំ២០២១ កម្ពុជាបាន នាំចេញអង្ករទៅកាន់គោលដៅសរុបចំនួន ៥៦ ប្រទេស និងតំបន់បានបរិមាណចំនួន ៦១៧ ០៦៩ តោន គិតជាទឹកប្រាក់ចំនួន ៤១៨ លានដុល្លារ សហរដ្ឋអាមេរិច និងបាននាំស្រូវចេញចំនួន ៣ ៥២៧ ៤១៨ តោនគិតជាទឹកប្រមាណ ៨៤៥.៩៥ លានដុល្លារសហរដ្ឋអាមេរិក
ទីផ្សារប្រទេសចិនរួមទាំងតំបន់ស្វយ័តចិនហុងកុងនិងម៉ាកាវជាទីផ្សារអង្ករធំជាងគេដែលកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣០៩ ៧០៩តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៨៥.៦៩ លានដុល្លារ សហរដ្ឋអាមេរិក ដែលបរិមាណនេះ គឺគ្របដណ្តប់លើ ៥០% នៃការនាំចេញអង្ករសរុប របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
ទីផ្សារប្រទេសក្នុងសហគមន៍អឺរ៉ុបចំនួន ២៤ កម្ពុជានាំអង្ករចេញសរុបបានចំនួន ១៦៥ ៥១៣ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ១១៩.៣៩ លានដុល្លារសហរដ្ឋអាមេរិក ហើយអង្ករចំនួន ៦៣ ១៦៥តោន ឬស្មើ ១០% បាននាំចេញទៅកាន់ប្រទេសអាស៊ានចំនួន ៧ ដែលគិតជាទឹកប្រាក់ចំនួន ៤២.៤០ លានដុល្លាសហរដ្ឋអាមេរិក។
ចំពោះការនាំចេញស្រូវគឺបានធ្វើការនាំចេញតាមព្រំដែនជាពិសេសទៅកាន់ប្រទេសវៀតណាមបានចំនួនជាង ៣.៥៣ លានតោន ដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៨៤៥.៩៥ លានដុល្លារ សហរដ្ឋអាមេរិក៕