មន្ត្រីជាន់ខ្ពស់ បានលើកឡើងថា គ.ជ.ប ធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាព ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


 (កំពត)៖ លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងបច្ចេកទេស នៃអគ្គលេខា ធិការ គ.ជ.ប និងជាប្រធានក្រុមចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសមន្ត្រី លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានលើកឡើងថា សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ជាគោលការណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកប ដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។

ការលើកឡើងបែបនេះ របស់លោក តុប ឫទ្ធី បានធ្វើឡើងក្នុងឱកាសចុះសម្របសម្រួល និងត្រួត ពិនិត្យការប្រឡងជ្រើសរើសមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការ រៀបចំការបោះឆ្នោតខេត្តកំពត នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីសម្រាប់បម្រើការងារនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតហៅ កាត់ថា គធ.ខប ទាំង២៥ ដែលមានចំនួនសរុប ៨២៣រូប សម្រាប់បម្រើការងារបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ បានចាប់ ផ្ដើមធ្វើការប្រឡងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

សម្រាប់មណ្ឌលប្រឡងខេត្តកំពត លោក តុប ឫទ្ធី បានបន្តថា ដើម្បីឱ្យការប្រឡងប្រកបដោយភាព ត្រឹមត្រូវ និងតម្លាភាព វិញ្ញាសាប្រឡង គឺចេញដោយ គ.ជ.ប មានបិទឃ្លុំជិត ដែលរូបលោកផ្ទាល់ ជាប្រធាន និងជំនួយការពីរនាក់ទៀតជាសមាជិកក្រុមសម្របសម្រួល និងត្រួតពិនិត្យការប្រឡង ជ្រើសរើសបានយកមកពី គ.ជ.ប ផ្ទាល់តែម្តង។ ជាគោលការណ៍ទូទៅការប្រឡងមាន៖ ការប្រឡងសរសេរ-QCM ធ្វើតេស្តកុំព្យូទ័រ និងសម្ភាសន៍ពីចំណេះដឹងទូទៅទាក់ទងនឹងការ បោះឆ្នោត។

យោងតាមសេចក្តីជូនដំណឹង លេខ ០០៣ គ.ជ.ប .ស.ជ.ណ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្រាប់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវការជ្រើសរើសមន្ត្រីជាប់ កិច្ចសន្យារយៈពេលខ្លីចំនួន ៣៥រូប សម្រាប់មុខតំណែងដូចខាងក្រោមនេះ៖

ទី១៖ ជំនួយការរដ្ឋបាល ១រូប
ទី២៖ ការីកុំព្យូទ័រ ១រូប
ទី៣៖ អ្នកយាម ៤រូប
ទី៤៖ អ្នកបើកបររថយន្ត ១រូប
ទី៥៖ គណនេយ្យការ ១រូប
ទី៦៖ បេឡាធិការ ១រូប
ទី៧៖ អនុប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកភស្តុភារ ១រូប
ទី៨៖ មន្ត្រីប្រតិបត្តិការ និងភស្តុភារ ៣រូប
ទី៩៖ អ្នកបច្ចេកទេសកុំព្យូទ័រ ១រូប
ទី១០៖ ការិវិទ្យុទាក់ទង ១រូប
ទី១១៖ មន្ត្រីទទួលនិងដោះស្រាយបណ្តឹង ២រូប
និងទី១២៖ គ្រូបង្ហាត់ ១៨រូប៕