(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបាននូវសុខ សន្តិភាពតាមព្រំដែន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងវៀតណាម គឺជាធាតុដ៏ ចាំបាច់នាំឱ្យប្រជាពលរដ្ឋ និងប្រទេសទាំងពីរទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយ ចំនួននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ក្នុងពេលដែលលោក ប៊ូយ ថាញ់សឺន កំពុង បំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា នៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន, លោក ប៊ូយ ថាញ់សឺន បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងយ៉ាង ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ សម្រាប់ការរីកចម្រើនរបស់កម្ពុជាប្រកបដោយភាពឆាប់រហ័ស។ សម្រាប់លោក ប៊ូយ ថាញ់សឺន ភាពរីកចម្រើនរបស់កម្ពុជា គឺបានកើតចេញពីការដឹកនាំប្រកបដោយ ភាពប៉ិនប្រសប់របស់សម្តេចតេជោ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ឆ្នាំហើយនៃទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា និងមានប្រវត្តិរួមគ្នាក្នុងបុព្វហេតុ ស្រោចស្រោងការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ប៊ូយ ថាញ់សឺន ក៏បានជជែកពីការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ដើម្បីធ្វើឱ្យមានភាពកាន់តែប្រសើរថែមទៀត។
បើតាមលោក ឯកឧត្តម បណ្ឌឹត កៅ គឹមហួន បានឱ្យដឹងថា ក្នុងជំនួបនេះ លោក ប៊ូយ ថាញ់សឺន បង្ហាញភាពរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងវៀតណាម ហើយក៏បានបង្ហាញនូវ ការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកើនរហូតដល់ជិត ១០ពាន់លាន ដុល្លារអាមេរិក។ លោក ប៊ូយ ថាញ់សឺន រំពឹងថា កម្ពុជា និងវៀតណាម បន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាធាតុដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីការបរទេសវៀតណាម ក៏រំពឹងដែរថា កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដូចជាធនាគារ និងហិរញ្ញវត្ថុជាដើម។
លោក ប៊ូយ ថាញ់សឺន ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យមាន ការហោះហើរត្រង់ឡើងវិញរវាងកម្ពុជា និងវៀតណាម និងទទួលស្គាល់ការធ្វើដំណើរឆ្លងដែនដោយ ភ្ជាប់បណ្ណចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែល្អ ប្រសើរ ហើយអ្វីដែលសម្តេចបានធ្វើជាមួយអតីតនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានជំរុញទំហំពាណិជ្ជកម្មឈានដល់កម្រិតខ្ពស់ហួសពីផែនការ។ សម្តេចតេជោ ចាត់ទុកកំណើន ពាណិជ្ជកម្មនេះ ជាភាពជោគជ័យនៃទំ នាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀត ណាម ដោយសារកម្ពុជាមានកម្លាំងផលិត ហើយវៀតណាម មានមូលដ្ឋានក្នុងការកែច្នៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា អ្វីដែលប្រជាជន ក៏ដូចជាប្រទេសវៀតណាម ទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដោយសារមានព្រំដែនមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព។ ដូច្នេះការដែលបន្តថែរក្សាព្រំដែនមួយឱ្យមានសន្តិភាព កិច្ច សហប្រតិបត្តិការ និងមិត្តភាពនេះ ជាការដែលចាំបាច់ធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើពាណិជ្ជកម្ម និង ធុរកិច្ចជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងមានការកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានដុល្លារ។
សម្តេចតេជោ ក៏បានបង្ហាញភាពរីករាយ ដែលបានឃើញការហោះហើរត្រង់រវាងកម្ពុជា និងវៀត ណាម ដើម្បីសម្រួលការធ្វើដំណើររវាងប្រជាជនប្រទេសទាំងពីរ។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាម ដោយសម្តេចចង់ឃើញមានគោល ការណ៍ថ្មីស្តីពីការតភ្ជាប់ផ្លូវដែកនេះ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀត ណាម៕