(ភ្នំពេញ)៖ បេក្ខជនកម្ពុជា១៨នាក់ (ស្រីចំនួន៨នាក់) មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកក្រុម ហ៊ុនឯកជននិងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ (Australia Awards)។
គួរបញ្ជាក់ថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាព មួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការ អភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកល ទ្វេភាគី និង តំបន់។ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈដល់ប្រជាជន កម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានបំណងនាំយកនូវឥទ្ធិពល វិជ្ជមានមកកាន់ប្រទេសរបស់ពួកគេក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត។
នាព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២នេះ បេក្ខជនកម្ពុជាទាំង១៨នាក់បានចូលជួបជាមួយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្តី្រ អ៊ិត សំហេង បានផ្តាំផ្ញើដល់បេក្ខភាពអាហារូបករណ៍ដែលបាន សិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពី ប្រទេសដែលមានការរីកចម្រើន លើការបណ្តុះបណ្តាលធនធានមុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺ ស្វាងរបស់ខ្លួន ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ គឺត្រូវប្រកាន់ឲ្យបានភ្ជាប់ នូវវិធានអនាម័យ។ ត្រូវចូលរួមសកម្មភាពសង្គមនានា ជួយផ្សព្វផ្សាយសភាពការណ៍ព័ត៌មានត្រឹម ត្រូវពីកម្ពុជា ជាពិសេសគឺត្រូវរក្សាបាននូវសាមគ្គីភាព ទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ចេះជួយយក អាសាគ្នាទៅវិញទៅមកក្នុងពេលមានអាសន្ន ចេះសម្របខ្លួនរស់នៅក្នុងសហគមន៍ដែលមានវប្បធ៌ម និងជាតិសាសន៍ខុសៗគ្នា និងជូនពរឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយយុវជន ដោយយុវជនជាសសរ ទ្រូង ជាអ្នកបន្តវេនរបស់ជាតិ ផ្តល់ជូននូវឱកាសមាស គឺសន្តិភាព ទទួលបានការអប់រំ ការបណ្ដុះ បណ្ដាលជំនាញ ទទួលបានការងារ មុខរបរ ចូលរួមក្នុងសកម្មភាពសង្គម ទទួលបានការតែងតាំង តាមសមត្ថភាព និងស្នាដៃជាមួយរូបមន្តរក្សាចាស់បន្ថែមថ្មី។
ឯកឧត្តម បានលើកឡើងពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាវិស័យមួយ ដែល រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់មួយដែលអនុវត្តដោយជោគជ័យ ក្នុងនោះកម្មវិធីសំណេះ សំណាលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន កម្មករនិយោជិត ជំរុញគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ផ្តល់អនុសាសន៍ ១០ចំណុចជាគោលនយោបាយ និងសកម្មភាពជាក់ស្ដែងក្នុងវិស័យការងារ៕