(ភ្នំពេញ)៖ យោងតាមដីកាកោះហៅ លោកកឹម សុខា ឲ្យចូលសវនាការដែល ទទួលបាន បាន អោយដឹងថា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿង លោក កឹម សុខាអតីត ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២២នេះ ពាក់ព័ន្ធទៅ នឹងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនការនេះវិញ រួមមានលោក កូយ សៅ ប្រធានក្រុម ប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ហើយ មាន លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាង អយ្យការសវនាការ។ លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោក អនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេស យូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
តុលាការបានចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ ចំណែកគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានេះ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិសរុប ១១៨នាក់ ដោយក្នុងនោះមានទាំង លោក កឹម សុខា ផងដែរ ត្រូវបានតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោ បាយរយៈពេល៥ឆ្នាំ។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេច កែសម្រួលលក្ខខណ្ឌក្នុងការដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឡើងវិញ ដោយបន្ធូរបន្ថយនៅត្រឹមកាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕