(ញូយ៉ក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ គឺ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ពិភពលោកត្រូវតែចាក់វ៉ាក់សាំងបង្ការដល់មនុស្សគ្រប់ៗរូប ដើម្បីធានាឱ្យបាននូវការបិទបញ្ចប់ការ ឆ្លងរាតត្បាត COVID-19។
លោក Antonio Guterres ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រៀបចំ ឡើងក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក Guterres បាន បញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២ឆ្នាំមកនេះ វាបានបង្ហាញពីរឿងសាមញ្ញ តែជាការពិត នោះគឺ បើយើងទុកនរណាម្នាក់ចោល មានន័យស្មើនឹងយើងទុកមនុស្សទាំងអស់គ្នាចោល។ ដូច្នេះប្រសិនបើ យើងបរាជ័យក្នុងការចាក់វ៉ាក់សាំងបង្ការ ដល់មនុស្សគ្រប់ៗគ្នា យើងនឹងផ្ដល់ឱកាសឱ្យមេរោគបំប្លែង ថ្មីកើតឡើងជាបន្តបន្ទាប់ ដែលនឹងនាំជីវិត និងសេដ្ឋកិច្ចរបស់យើង ទៅរកគ្រោះថ្នាក់»។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ចាក់ វ៉ាក់សាំងបង្ការឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជនរបស់ខ្លួន នៅចុងឆ្នាំ២០២១ និង៧០ ភាគរយ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ៕