(សេអ៊ូល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី១៨ ខែ មករា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថា មីស៊ីល ចំនួន ២គ្រាប់ ដែលខ្លួនបានធ្វើតេស្តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជាប្រភេទ «មីស៊ីលយុទ្ធសាស្ត្រ ចង្អុលប្រាប់ទិស» ខណៈនៅមុននេះ ក្រុមជំនាញកូរ៉េខាងត្បូងបានសន្និដ្ឋានថា ពួកវាអាចជាប្រភេទ មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។
សម្រាប់ការធ្វើតេស្តមីស៊ីលជាលើកទី ៤ សម្រាប់ដើមឆ្នាំ២០២២ កាលពីថ្ងៃចន្ទនោះ ត្រូវបានទីក្រុង ព្យុងយ៉ាងអះអាងថា ធ្វើឡើងដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃអាវុធប្រភេទនេះ និងស្របតាម ការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងការពង្រឹង និងពង្រីក សមត្ថភាពយោធាប្រទេសនេះ បន្ថែមទៀតសម្រាប់ឆ្នាំ២០២២នេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃអង្គារនេះថា «មីស៊ីលចង្អុល ប្រាប់់ទិសចំនួន ២គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងលិច នៃប្រទេសកូរ៉េខាងជើង ហើយបានហោះ ទៅបុកចំគោលដៅយ៉ាងល្អឥតខ្ចោះ ស្ថិតនៅលើកោះមួយ ក្នុងដែនសមុទ្រភាគខាងកើតរបស់កូរ៉េ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ បានបញ្ជាក់ពីភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាព នៃ ប្រតិបត្តិការនៃប្រព័ន្ធអាវុធ ដែលកំពុងស្ថិតក្នុងការផលិតនេះ»៕