(ភ្នំពេញ)៖ យោងតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ អោយដឹងនៅព្រឹកថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តផ្ដល់ជំនួយម៉ាសជាង៣.២លាន និងសម្ភារៈយុទ្ធសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ច របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសសមាជិកអាស៊ានមួយនេះ នៅ ថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។
ជំនួយរបស់កម្ពុជាលើកទី៣នេះរួមមានដូចតទៅ៖
* ម៉ាស ចំនួន៣លាន
* ម៉ាស់ N95 ចំនួន២សែន
* វែនតាការពារ ចំនួន១សែន
* សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន
* របាំងការពារមុខ ចំនួន៣ម៉ឺន
* ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់
* ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង
* ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង
* ម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង
នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយ មានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជីចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១៕