(ភ្នំពេញ)៖ យោងតាមលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែល ទទួលបាន គឺបានអោយដឹងថា ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសផ្លូវការ ដោយបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។
ការប្រកាសរបស់ក្រសួងសុខាភិបាល ធ្វើឡើងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនាព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាស ពិភពលោក កីឡាប៉េតង់។
ក្នុងលិខិតរបស់ឯកឧត្តម រដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ថា «ករណីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង ត្រូវបានរកឃើញថា ជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពី បរទេសតាមផ្លូវអាកាស។ ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាព ធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមា នូវការ ឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងដែលបាន បញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌ ណាក៏ដោយ»។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខា ភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត»៕