រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា សហជីពជាតិកម្ពុជាជាដៃគូការពារសិទ្ធិ ផលប្រយោជន៍ជូន កម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាល


 (ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាដៃគូក្នុងការចូលរួមចំណែកការការពារសិទ្ធិ ផលប្រយោជន៍ជូន កម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះគឺក្នុងឱកាសលោកចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៧ (២០២២-២០២៣) នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារទន្លេបាសាក់២។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជាដៃគូក្នុងការចូលរួមចំណែក ការការពារសិទ្ធិ ផលប្រយោជន៍ជូនកម្មករនិយោជិត ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិ បាល»។ ក្នុងនាមរដ្ឋមន្រ្តីទទួលបន្ទុកវិស័យការងារ និងជារាមច្បងដែលធ្លាប់ធ្វើការងារសហជីព ឯកឧត្តម អ៊ិត សំហេង បានផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុចរួមមាន៖

*១៖ ត្រូវគិតពីប្រយោជន៍រួម មានសាមគ្គីភាពផ្ទៃក្នុងល្អ តាមរយៈការដឹកនាំដោយតម្លាភាព មានការ ចាត់ចែងការងារច្បាស់លាស់ ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូន ប្រទេសជាតិមាតុភូមិ។

*២៖ត្រូវពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិតដែលជាសមាជិកឱ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈដាក់ចេញ។ ជាមួយគ្នានេះ ក៏ត្រូវពង្រីកសមាជិកបន្ថែមទៀត ប៉ុន្តែសូមកុំ ដណ្ដើមសមាជិកគ្នាដែលជាចំណុចរសើបមួយនាំឲ្យមានទំនាស់បាក់បែកសាមគ្គីគ្នា។

*៣៖ ត្រូវបណ្តុះបណ្តាលណែនាំដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ត្រូវសិក្សាឲ្យបានច្បាស់លាស់អំពី ការចុះអនុសញ្ញារួម ថាតើចង់បានលក្ខខណ្ឌអ្វីខ្លះទាក់ទងនឹងការងាររោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយមិនឲ្យឃ្លាតឆ្ងាយពីច្បាប់ស្តីពីការងារ និងជៀសវាងការដឹកនាំ និងចូលរួមធ្វើបាតុកម្មខុស ច្បាប់។

*៤៖ ត្រូវពង្រឹង និងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហជីព ទាំងក្នុងតំបន់ និងក្រៅ តំបន់ ដើម្បីកៀរគរការគាំទ្រទាំងផ្នែកសម្ភារ ថវិកា និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនានា។

*៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កម្មករនិយោជិតអំពីការរស់នៅជាមួយ COVID-19 ដោយ អនុវត្តនូវវិធានសុខាភិបាល និងអនុវត្ត៣កុំនិង៣ការពារ។

ឯកឧត្តម បានរដ្ឋមន្ត្រីក៏បានលើកឡើងថា សមិទ្ធផលដែលក្រុមប្រឹក្សាសហជីពជាតិកម្ពុជាសម្រេច បាន ការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ សកម្មភាពការងារទាំងក្នុងរោងចក្រ សហគ្រាស កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ និងការដាក់ចេញនូវទិសដៅការងារបន្ត ព្រមទាំង ការប្តេជាចិត្តរបស់ថ្នាក់ដឹកនាំ CCNU បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីភាពរីកចម្រើន ការយក ចិត្តទុកដាក់ ទំនួលខុសត្រូវ និងភាពចាស់ទុំក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំ CCNU ប៉ុន្តែទោះជាយ៉ាង ណាក៏ជៀសមិនផុតពីការចូលរួមយ៉ាងសកម្មរបស់សមាជិក-សមាជិកាផងដែរ៕