(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងនូវក្តីមោទនៈចំពោះចំណូលជាតិរបស់កម្ពុជា បើទោះបីមានវិបត្តិកូវីដ១៩ ក៏អគ្គនាយក ដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ អាចប្រមូលចំណូលបានល្អ ពិសេសនៅឆ្នាំ២០២១ នៅពេល រាជរដ្ឋាភិបាល បើកប្រទេសបានពេញលេញឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ប្រមូលចំណូលបាន ២,២៩៤លានដុល្លារ ស្មើនឹង៩៧.១០%ផែនការ។ ចំណែកឯកអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ២,៧៨១.៩២លានដុល្លារ លើសផែនការ២៤.០២% ស្មើនឹងទឹកប្រាក់៥៣៨លានដុល្លារ។
តាមរយៈការប្រមូលចំណូលជាតិនេះ សម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចដួលរលំ ងាយៗ ដូចការលើកឡើងរបស់ជនមួយចំនួនតូចនោះឡើយ។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋាន គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នាខេត្តកោះកុង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តើឲ្យរាជរដ្ឋាភិបាលដួលរលំម៉េចនឹងកើត បើ ទោះបីជាប្រាក់ចំណូលរបស់យើងវាធ្លាក់ គយបានត្រឹមតែ ៩៧.០១ភាគរយនៃផែនការទេ ក៏ប៉ុន្តែគិត ជាប្រាក់ចំណូលគឺបាន ២ ២៩៤លានដុល្លារ។ ផ្នែកពន្ធដារ សម្រេចទៅដល់១២៤.០២ភាគរយ ស្មើនឹង ២ ៧៨១.៩២លានដុល្លារ។ អីចឹងទាំង២ផ្នែកនេះ បានចំណូលប្រហែល៥ពាន់លានដុល្លារ។ តើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំម៉េចនឹងកើត? ការងើបឡើងរបស់យើងក្នុងចំណូលចុងឆ្នាំនេះ ជាចំណូលល្អ»។
សម្តេចតេជោបានថ្លែងឲ្យដឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ត្រឹមបានរំពឹងថានឹងសម្រេច បានក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២១ ខណៈការវាយតម្លៃចុងក្រោយនឹងធ្វើឡើងនៅខែមិនា ឆ្នាំ២០២២ ហើយការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា មកពីការបើកប្រទេសពេញលេញ ខណៈកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាជនជិត ១០០ភាគរយហើយ។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួចគ្នាទប់ ស្កាត់នូវការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដើម្បីឲ្យប្រទេសជាតិបន្តរីកចម្រើន និងទទួលបានកំណើន សេដ្ឋកិច្ច ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងការប្រកបរបររកស៊ី និងដើរកម្សាន្ត៕