(កណ្ដាល)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារគណៈកម្មការចំពោះកិច្ច ចុះពិនិត្យដំណើរការទូទៅនៃការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ពិសេសដំណើរការចាក់ដូសជំរុញ ឬដូសទី៣ នៅភូមិសាស្ដ្រ ខេត្តកណ្ដាល។ ក្រៅពីការចុះពិនិត្យកិច្ចការងារទូទៅ នៃការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខ ភាពនោះ លោកជំទា ឱ វណ្ណឌីន ក៏បានជួបសំណេះសំណាល និងផ្ដាំផ្ញើនូវការងារថែរក្សាសុខភាព ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ ព្រមទាំងគុណសម្បត្តិនៃការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
ទីតាំងដែលលោកជំទា ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះទៅនោះរួមមាន៖ នៅស្រុកស្អាង មាន មណ្ឌលសុខភាពព្រែកអំបិល, មណ្ឌលសុខភាពស្អាងភ្នំ, មណ្ឌលសុខភាពក្រាំងយ៉ូវ។ នៅស្រុកកៀនស្វាយ មានមណ្ឌលសុខភាពស្វាយរលំ, មណ្ឌលសុខភាពសំរោងធំ និងមន្ទីរពេទ្យ បង្អែកស្រុកកៀនស្វាយ។
ពាក់ព័ន្ធជាមួយកិច្ចការងារចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនេះ លោកជំទាវ ឱ វណ្ណឌីន បានណែ នាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ចាក់ជូនប្រជាពលរដ្ឋ ពិសេសអ្នក ដែលមិនទាន់បានចាក់គ្រប់ដូសមូលដ្ឋាន ត្រូវតែជំរុញឲ្យគាត់ទទួលយកដូសមូលដ្ឋាននេះឲ្យបាន គ្រប់ៗគ្នា។ ដោយឡែក សម្រាប់អ្នកដែលដល់រយៈពេលកំណត់ ចាក់ដូសទី៣ ឬដូសជំរុញ ក៏ត្រូវ ចាក់ដូចគ្នាផងដែរ។
ដោយឡែក សម្រាប់ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋវិញ លោកជំទាវ ឱ វណ្ណឌីន មិនដែលភ្លេចនូវការរំលឹកអំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។ លោកជំទាបានអះអាងថា ពិតណាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិតជាអាចការពារខ្លួនបុគ្គលម្នាក់ៗ មិនឲ្យឆ្លងជំងឺនេះបាន គ្រប់ការបំប្លែងខ្លួនទាំងអស់ ហើយក្នុងករណីឆ្លង ក៏មិនធ្វើឲ្យមានការវិវឌ្ឍ ន៍ទៅរកសភាពធ្ងន់ធ្ងរនោះដែរ។
លោកជំទាវប្រធានគណៈកម្មការចំពោះកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើមិត្ត ជាមួយវ៉ាក់សាំង ពោលមិនត្រូវធ្វើសត្រូវជាមួយវ៉ាក់សាំងនោះទេ ហើយសម្រាប់អ្នកដែលមិនទាន់ បានចាក់គ្រប់ដូសមូលដ្ឋាន ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលដំណើរការជាអចិន្ដ្រៃយ៍ ពិសេសនៅតាមមូលដ្ឋានសុខាភិបាលតែម្ដង។
បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន ក៏ជម្រាបជូនប្រជាពលរដ្ឋអំពីការវឌ្ឍន៍ថ្មី នៃជំងឺកូវីដ១៩ផងដែរ ពិសេសពពួកបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងតែរីករាលដាលជាង១០០ប្រទេសហើយ ត្រឹមរយៈ ពេលមួយខែប៉ុណ្ណោះ។ លោកជំទាវ បញ្ជាក់ថា ដើម្បីការពារការចម្លងជំងឺកូវីដ១៩ គ្រប់ប្រភេទនៃការ បំប្លែងខ្លួននោះ គឺត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធាន «៣ការពារ និង៣កុំ» បូករួមជាមួយការចាក់ វ៉ាក់សាំងបានគ្រប់ចំនួនដូស៕