ក្រសួងទេសចរណ៍ និងខេត្តជាប់ឆ្នេរទាំង៤ប្ដេជ្ញាអនុវត្តនីតិវិធីស្ដង់ដា និងវិធានការផ្សេងៗ ដើម្បីធានា ដល់ការទទួលទេសចរប្រកបដោយសុវត្ថិភាព


 (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ប្តេជ្ញាចិត្តក្នុង ការបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសចរណ៍ ដើម្បីធានាដល់ការទទួលភ្ញៀវទេសចរ ប្រកប ដោយសុវត្ថិភាព។

ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្តីពីការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសច រណ៍ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលម៉ិញនេះ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោក ឃឹម ចន្ទឌី អភិបាលរងខេត្តកោះកុង លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ព្រមទាំងមន្ទីរទេសចរណ៍ រដ្ឋ បាលក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។

ឯកឧត្តម នី ផល្លី បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្រោយសេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប អំពីវឌ្ឍនភាពការងារនៃការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ទេសចរណ៍ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍របស់ខេត្តនីមួយៗ ក្រោមកិច្ច ដឹកនាំសម្របសម្រួលរបស់លោកអនុរដ្ឋលេខាធិការ។

ឯកឧត្តម អនុរដ្ឋលេខាធិការបានបន្តថា «ស្របជាមួយគ្នានោះ រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរ សមុទ្រកម្ពុជាបានប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិ អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសចរណ៍ ដើម្បីធានាដល់ការទទួលភ្ញៀវ ទេសចរប្រកបដោយសុវត្ថិភាព និងផ្តល់ទំនុកចិត្តក្នុងការទាក់ទាញទេសចរអន្តរជាតិ»

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន ដែលមានមន្ទីរ និងអង្គភាពជំនាញជាសេនាធិការ មានការយក ចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ អប់រំ និងជំរុញដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ ដា (SOP) ឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាការត្រៀមខ្លួនរួចរាល់សម្រាប់ការគ្រប់គ្រងនិងទទួលទេសចរ ពិសេសនាឱកាសបុណ្យឆ្លងឆ្នាំសកល និងបុណ្យជាតិខាងមុខ។

ទន្ទឹមនេះ លោកអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍បួនចំណុច៖

១៖ ស្នើដល់រដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន បន្តជំរុញដល់មូលដ្ឋានអាជីវកម្ម ទាំងខ្នាតតូច មធ្យម និងខ្នាតធំ ព្រមទាំងរមណីយដ្ឋានទេសចរណ៍ទាំងអស់ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង ស្តង់ដា SOP ក៏ដូចវិធានសុខាភិបាលអោយបានជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់និងគ្រប់គ្រង ជំងឺ កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងការទទួលទេសចរប្រកបដោយសុវត្ថិភាព។

២៖ ស្នើបន្តពង្រឹងគុណភាពទេសចរណ៍ដោយបើកវគ្គបណ្តុះបណ្តាលបន្ថែមឱ្យបានច្រើនតាមរយៈ in house training ឬអនឡាញ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងបុគ្គលិកបម្រើការក្នុងឧស្សា ហកម្មទេសចរណ៍ សំដៅធានាដល់ការផ្តល់សេវាកម្មប្រកបដោយគុណភាពស្របតាមស្តង់ដាខ្ពស់។

៣៖ គិតគូរអំពីលទ្ធភាពក្នុងការបង្កើតយន្តការសម្របសម្រួល ឬយន្តការសន្ទនាពិគ្រោះយោបល់ជា ប្រចាំមួយរវាងវិស័យឯកជននិងវិស័យសាធារណះក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត។

៤៖ ផ្តល់ឱកាសដល់សិស្សនិស្សិតចុះបំពេញកម្មសិក្សាស្រាវជ្រាវ និងការងារស្ម័គ្រក្នុងវិស័យទេសច រណ៍ តាមរយៈកិច្ចសហការជាមួយសកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនានា៕