ពិធី ប្រគល់ព្រះរាជប្រកាសនីយប័ត្រ គោរម្យ៍ងារ ជូន មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ដើម្បីជាការលើកទឹកចិត្ដ ក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យពុទ្ធសាសនា


(ខេត្តព្រះសីហនុ)៖ សម្តេចព្រះរាជាគណៈប្រតិភូ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៦ រោច ខែមិគសិរឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ នេះ បានប្រារព្ធ កម្មវិធីប្រគល់ព្រះរាជប្រកាសនីយប័ត្រ គោរម្យ៍ងារ កិត្តិយស ជូន មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ដើម្បីជាការលើកទឹកចិត្ដ ក្នុងការបន្ដជួយជ្រោមជ្រែងបន្ថែមទៀត នៅក្នុងវិស័យពុទ្ធសាសនា។

កម្មវិធីនេះ និមន្ត និង អញ្ជើញ ធ្វើឡើងក្រោមព្រះរាជធិបតីភាព -សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាន ថេរ សភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា។

-សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

 -សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខា ធិការរង ថេរ: សភាសង្ស នៃព្រះរាជាណាចក្រកម្ពុជា។   

-ព្រះតេជគណ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណខេត្តព្រះសីហនុ។

-ព្រះនរធម្មោ ប៊ុន ណេង ព្រះលេខាគណខេត្តព្រះសីហនុ និង ជាព្រះចៅអធិការ វត្តឥន្ទញាណ (ហៅវត្តក្រោម)។

-លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និង សាសនាខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃ

គណៈអភិបាលខេត្តព្រះសីហនុ រួមទាំង ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ និមន្ត មកពីវត្តអារាមនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ឧបាសក ឧបាសិកា ជិតឆ្ងាយ ផងដែរ ពិធីប្រគល់ព្រះរាជប្រកាសនីយប័ត្រ គោរម្យ៍ងារ ជូន ពុទ្ធសាសនិកជននេះ ត្រូវបានប្រព្រឹត្តធ្វើឡើង នៅក្នុងវត្តឥន្ទញាណ (ហៅវត្តក្រោម) ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

   ស្ថិតនៅក្នុងឳកាសនេះដែរ ព្រះតេជគណ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណ ខេត្តព្រះសីហនុ មានថេរដីកាថា៖ ឧបាសក និងឧបាសិកា ដែលបានទទួលគោរម្យងារ ទៅជាមហាឧបាសក មហាឧបាសិកា ទាំងឡាយនេះ ពិតជាអ្នកដែលបានដល់នូវព្រះត្រៃសរណគមន៍ និងបានទទួលកាន់នូវសិក្ខាបទទាំងឡាយតាមសទ្ធា របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងជាអ្នកមានសទ្ធាយ៉ាងមុតមាំ ក្នុងការជ្រៀងជ្រែងទំនុកបម្រុង ព្រះពុទ្ធសាសនាមិនថា តែខេត្តព្រះសីហនុនោះឡើយ គឺវត្តអារាមជាច្រើននៅទូទាំងប្រទេសកម្ពុជា ដោយបរិច្ចាគទាំងសម្បត្តិផ្ទាល់ខ្លួនផង និង បានបបួលដឹកនាំពុទ្ធបរិស័ទ និងញាតិធម៌អ្នកមានសទ្ធាបំពេញយ៉ាងឱឡារឹក គ្រប់កាលៈទេសៈ ក្នុងបុព្វហេតុទំនុក បម្រុងបច្ច័យបួនសម្រាប់ព្រះសង្ឃ និងការកសាងសមទ្ធិផលនានាជាច្រើនទៀត សម្រាប់ជាសម្បត្តិជាតិ និងសាសនា ដើម្បី ប្រយោជន៍សាធារណៈ។ តែក្នុងន័យនេះ មិនមែនមានន័យថា ការដែលមានសទ្ធាយ៉ាងនេះ ចំពោះតែអ្នកដែល បានទទួលគោរម្យងារនោះទេ ពុទ្ធបរិស័ទដទៃទៀតក៏មានបុគ្គលិកលក្ខណៈដូចនេះដែរ តែពុទ្ធបរិស័ទផ្សេងទៀតមិន ទាន់ទទួលបានគោរម្យ៍ងារនេះ។

 ព្រះវិមលសាគរ ហ្វាន់ ហឿន មានថេរដីកា បន្តថា៖ លក្ខណៈសម្បត្តិដែលគួរទទួលបានគោរម្យជា មហាឧបាសក មហាឧបាសិកា ព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ជាក់ យ៉ាងច្បាស់ថា ត្រូវប្រកបដោយធម៌ដែលជាដំណើររបស់សប្បុរសមាន : ជាអ្នកមានសទ្ធា ជាអ្នកមានសីល ជាអ្នកមានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីខ្លាចបាប ជាអ្នកមានចំណេះ ដឹងច្រើន ជាអ្នកមានសេចក្តីព្យាយាម ជាអ្នកមានសេចក្តីអត់ធន់ អ្នកឆ្លាតឈ្លាសវាងវៃ អ្នកស្គាល់អំពើមាន ប្រយោជន៍ និងអំពើឥតប្រយោជន៍ ជាអ្នកអាចបំបាត់បង់នូវសេចក្តីសង្ស័យ។ ឧបាសក ដែលបានប្រតិបត្តិតាមធម៌វិ ន័យបានល្អត្រឹមត្រូវ លោកឲ្យឈ្មោះថា ជារតនៈឧបាសក ឬជាបទុមឧបាសក ចំណែកឧបាសិកាដែលប្រព្រឹត្តល្អតាម ធម៌វិន័យបានត្រឹមត្រូវល្អ ក៏ឈ្មោះថា រតនៈឧបាសិកា ឬ បទុម ឧបាសិកាផងដែរ។

    ដូចគ្នានេះដែរ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ និងជាគ្រូសូត្រស្តាំវត្តបទុមវតី បានមាន ថេរ ដីកាថា៖  វិស័យ ព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើក កម្ពស់ សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា និងបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹង ទាំង ចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន បានមាន ថេរ ដីការ បញ្ជាក់ថា៖ ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍ សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដ តែអំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហិង្សា ប្រកបដោយ សន្ដិភាព យុត្ដិធម៌ ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅប្រទេសណាក៏គេមានសាសនា ដើម្បីគោរព បូជា តាមប្រពៃណីទំនៀមទម្លាប់ របស់ខ្លួនផងដែរ ដូច្នេះ«ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ យើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួម ចំណែក យ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។

   បន្ទាប់ពីបានអាន សេចក្ដីសម្រេច និងព្រះរាជប្រកាសនីយប័ត្រគោរម៍្យងារ ជូន មហាឧបាសក និង មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ រួចមក សម្ដេចព្រះគណៈអធិបតីទាំង ៣ព្រះអង្គ បានព្រះរាជទានប្រកាសនីយប័ត្រ ជូនពុទ្ធសាសនិកជន។

 ចុងបញ្ចប់នៃកម្មវិធីក៏មានពិធីប្រគល់ព្រះរាជប្រកាសនីយប័ត្រ គោរម្យ៍ងារ ជូន មហាឧបាសក និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដើម្បីជាការលើកទឹកចិត្ដ ក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យពុទ្ធសាសនា បន្ទាប់មក ផ្សាយមេត្ដាធម៌បញ្ចប់កម្មវិធី៕ដោយ មុន្នី ដាន