ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នី រ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាល ពិចារណលើការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់ក្រុមអ្នកនៅជួរមុខ ជា ពិសេសក្រុមគ្រូពេទ្យ។
ក្រុមជួរមុខ ដែលអាចចាក់វ៉ាក់សាំងដូសទី៤ នេះបានរួមមាន៖ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ មន្ត្រីរាជការ និងគ្រូបង្រៀនជាដើម។
ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់៣៥ជាន់ នៅទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ។ សម្តេចតេជោ ក៏បានស្នើឱ្យប្រជាពលរដ្ឋសូមកុំមានការភ័យស្លន់ស្លោរ ចំពោះករណីរកឃើញ វត្តមានជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» នៅកម្ពុជា ព្រោះមិនសូវដូច Delta នោះឡើយ។ បើតាមសម្ដេចតេជោ ជំងឺកូវីដ១៩ ប្រភេទ Delta ជាអ្នកសម្លាប់មនុស្សសាហាវបំផុតកន្លងមក។
ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា បានស្នើយ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន សិក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង តើគួរទេ ខ្ញុំផ្តល់ជាមតិគួរទេ ដែលយើងប្រើដូសទី៤ សម្រាប់ អ្នកជួរមុខ ហើយប្រើ Pfizer ដែលអូស្ត្រាលីផ្តល់ឱ្យយើង គឺប្រើប្រាស់ទៅលើគ្រូពេទ្យមុនគេ»។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ក្នុងកំលុងរីករាលដាលជំងឺកូវីដ១៩ខ្លាំង អង្គរក្សរបស់ សម្តេចជាង ៤០០នាក់ បានកើតជំងឺកូវីដ១៩។ តែក្រោយពេលបានចាក់វ៉ាក់សាំង ធ្វើឱ្យទប់ស្កាត់ ការរីករាលដាលនេះ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំងវាជួយយើងខ្លាំងណាស់ បានជារាជរដ្ឋាភិបាល បានចាយថវិកាយ៉ាងច្រើន បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ភ្លាមដើម្បីយកចាក់ជូនប្រជាពល រដ្ឋ។ សម្រាប់ដំណើរការចាក់វ់ាក់សាំងជូនប្រជាពលរដ្ឋនេះដែរ សម្តេចថា បើមិនដើរមុនមួយជំហាន ទេ កូវីដ១៩ នឹងធ្វើឱ្យអ្នកជំងឺរកកន្លែងសម្រាកគ្មាន។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩ តាមរយៈ ការអនុវត្តន៍វិធានការសុខាភិបាល ព្រមទាំងវិធានការ «៣ការពារ និង៣កុំ» និងការចាក់វ៉ាក់សាំងជា ដើម។ «ប៉ុន្តែ យើងត្រូវគិតគូរដូសទី៤ សម្រាប់ខ្សែត្រៀមជួរមុខ ខ្សែត្រៀមជួរមុខ របស់យើងមាន ប្រហែលជា ៥០ម៉ឺននាក់ប៉ុណ្ណឹងទេ រាប់ទាំងកងទ័ព នគរបាល ពេទ្យ គ្រូបង្រៀន មន្ត្រី ខាងគយក៏ ត្រូវការ យើងត្រូវវ៉ាក់សាំងប្រភេទ Pfizer ដើម្បីចាក់ឱ្យបងប្អូនរបស់យើង» នេះជាការគូសបញ្ជាក់ បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូ ទាំងប្រទេសសរុបចំនួន ១៤,២៣៧,០៤៨នាក់។ ក្នុងរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៣៧,២៥៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៩,៤៣៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩៣,២២០នាក់
៤៖ អាយុ៥ឆ្នាំ ២៩៧,១៣៥នាក់៕