(តូក្យូ)៖ តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ ២០២១ អោយដឹងថា ជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្យួរកអ្នកទោស ៣នាក់ ដែលជាការប្រហារ ជីវិតអ្នកទោសជាលើកដំបូងបំផុតក្នុងរយៈពេល ២ឆ្នាំមកនេះ និងក្រោមការដឹកនាំ របស់លោក នាយករដ្ឋមន្ត្រី លោក Fumio Kishida ខណៈរដ្ឋាភិបាលរបស់លោកនិយាយថាពិតជាចាំបាច់ ណាស់ក្នុងការរក្សាការអនុវត្តទោសប្រហារជីវិត ប្រឈមមុខនឹង បទឧក្រិដ្ឋសាហាវឃោរឃៅ នៅតែបន្តកើតមាន។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងយុត្តិធម៌ជប៉ុនម្នាក់បានឱ្យដឹងថា អ្នក ទោសជាបុរសទាំង៣នាក់ខាងលើ ដែលត្រូវបានប្រហារជីវិតដោយព្យួរក សុទ្ធតែបានប្រពឹត្តបទ ឧក្រិដ្ឋឃាតកម្មកាលពីឆ្នាំ២០០៣ និងឆ្នាំ២០០៤។ ក្នុងចំណោមអ្នកទោសទាំង៣នាក់ មានអ្នក ទោសម្នាក់ឈ្មោះ យ៉ាស៊ុតាកា ហ្វូជីស៊ីរ៉ូ (Yasutaka Fujishiro) មានអាយុ ៦៥ឆ្នាំ ដែលបានប្រើ ប្រាស់ញញួរ និងកាំបិតសម្លាប់មីងរបស់ខ្លួនឯងមានអាយុ ៨០ឆ្នាំ, បងប្អូនជីដូនមួយ ២នាក់ និងមនុស្ស៤នាក់ទៀត កាលពីឆ្នាំ២០០៤។
ចំណែឯ អ្នកទោស ២នាក់ទៀត រួមមានឈ្មោះ តូម៉ូអាគី តាកាណេហ្សាវ៉ា (Tomoaki Takanezawa) មានអាយុ៥៤ឆ្នាំ ដែលបានសម្លាប់មនុស្ស ២នាក់ កាលពីឆ្នាំ២០០៣ និងឈ្មោះ មីតស៊ូណូរី អូណូហ្កាវ៉ា (Mitsunori Onogawa) មានអាយុ៤៤ឆ្នាំ ជាអ្នកសមគំនិត៕