នាយក WHO ប្រចាំទ្វីបអឺរ៉ុបព្រមាន៖ «ព្យុះមួយទៀត (អូមីក្រុង) កំពុងបោកបក់មកហើយ»


 (ហ្សឺណែវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក ហាន ក្លាហ្គ (Hans Kluge) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានព្រមានប្រទេសនានាឱ្យត្រៀម លក្ខណៈសម្រាប់ «ការកើនឡើងគួរឱ្យកត់សម្គាល់» នៃករណីឆ្លង COVID-19 ដែលបង្កឡើងដោយ វីរុសបំប្លែងថ្មី Omicron ហើយបានណែនាំឱ្យមានការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញដើម្បីទប់ ទល់។

លោក Hans Kluge បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅឯងទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីសថា ចាប់តាំងពីវីរុសបំប្លែងថ្មី Omicron បានលេចឡើងកាលពីចុងខែ វិច្ឆិកាកន្លងទៅនេះ វាត្រូវបានគេរកឃើញនៅក្នុងយ៉ាងហោចណាស់ ៣៨ប្រទេសហើយ ក្នុង ចំណោម ៥៣ប្រទេសនៃតំបន់អឺរ៉ុប ក្នុងនោះរួមទាំងប្រទេសរុស្ស៊ី និងបណ្ដាប្រទេសដែលជាអតីត ដែនដីសហភាពសូវៀតផ្សេងៗទៀត ក៏ដូចជាប្រទេសតួកគីផងដែរ ហើយមានការឆ្លងរីករាលដាល យ៉ាងខ្លាំង នៅក្នុងប្រទេសមួយចំនួន ក្នុងនោះរួមមានប្រទេសដាណឺម៉ាក ព័រទុយហ្គាល់ និងចក្រភព អង់គ្លេស។ លោក Hans Kluge បាននិយាយថា «យើងអាចឃើញព្យុះមួយទៀតកំពុងបក់មក។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត វីរុសបំប្លែងថ្មី Omicron នឹងគ្របដណ្តប់នៅក្នុងប្រទេសជាច្រើន ទៀតនៃតំបន់អឺរ៉ុប ដោយបន្ថែមសម្ពាធដល់ប្រព័ន្ធសុខាភិបាល ដែលកំពុងតែជិតដួលរំលំទៅ ហើយ»។ បើតាមលោក Hans Kluge រហូតមកដល់ពេលនេះ ប្រហែល ៨៩ភាគរយនៃករណីឆ្លង វីរុសបំប្លែងថ្មី Omicron នៅក្នុងតំបន់អឺរ៉ុប ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាទូទៅនៃ COVID-19 ដូចជាក្អក ឈឺបំពង់ក និងគ្រុនក្តៅ ហើយករណីឆ្លងភាគច្រើន ត្រូវបានរាយការណ៍ក្នុងចំណោម មនុស្សពេញវ័យ ដែលមានអាយុចន្លោះពី ២០ឆ្នាំ ទៅ ៣០ឆ្នាំ។

លោក Hans Kluge បានបន្ថែមថា «ចំនួនករណីឆ្លង COVID-19 ថ្មីៗ អាចនាំឱ្យមានការសម្រាក ព្យាបាលនៅមន្ទីរពេទ្យកាន់តែច្រើន និងការរំខានយ៉ាងទូលំទូលាយដល់ប្រព័ន្ធសុខាភិបាល និងសេវាកម្មសំខាន់ៗផ្សេងទៀត។ រដ្ឋាភិបាល និងអាជ្ញាធរត្រូវតែរៀបចំប្រព័ន្ធឆ្លើយតបរបស់យើង ចំពោះមុខការកើនឡើងគួរឱ្យកត់សម្គាល់នេះ»។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញ Omicron បានរ៉ាប់រង ៧៣% ហើយទៅលើចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅទីនោះ៕