លោកជំទាវ ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី បានបំពេញភារកិច្ចដែលរដ្ឋាភិបាល ប្រគល់ជូន តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ

 (ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង កិច្ចការនារី ក្រោមការដឹកនាំរបស់លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ជារដ្ឋមន្ត្រី ព្រមទាំងថ្នាក់ ដឹកនាំ មន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូន តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ។

ការវាយតម្លៃបែបនេះ របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាស លោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារកិច្ចការនារី ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវ កិត្តិសង្គហបណ្ឌតិ ម៉ែន សំអន បានបន្តថា ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នក ដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការអន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និង ក្មេងស្រី ក៏ដូចជា៖ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបាន ភាពយុត្តិធម៌។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការបញ្ចប់ព្រឹត្តិ ការណ៍ថ្ងៃទី២០ កុម្ភៈ នៃការរីករាយដាលជំងឺកូវីដ១៩ នៅកម្ពុជា ដែលនេះសបញ្ចាក់ពីការគិតគូរ ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធានា បាននូវសុខសុវត្ថិភាពសុខភាពជូនប្រជាជនទូទាំងប្រទេសដោយការទទួលការចាក់វាក់សាំងតាំងពីដូសទី១ រហូតដូសជំរុញ ដល់មនុស្សគ្រប់វ័យ។

ទន្ទឹងនឹងការបើកប្រទេសវិញនោះដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹក ជាថ្មី ដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នអនុវត្តន៍តាមវិធានសុខាភិបាល «៣កុំ និង៣ការពារ» ឱ្យបាន គ្រប់ពេលវេលា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នូវទម្រង់ថ្មីគ្រប់ប្រភេទ ទើប យើងអាចទទួលនូវសុខដុមរមនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៀត៕