សហរដ្ឋអាមេរិកតែងតាំង «បេសកជនពិសេស» ទទួលបន្ទុកបញ្ហា «តំបន់ទីបេ»

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី ២១ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសតែងតាំង «បេសកជនសម្របសម្រួលពិសេស» ថ្មីម្នាក់ សម្រាប់បញ្ហាតំបន់ទីបេ ដែលនឹងទទួលបន្ទុករៀប ចំឡើងវិញ នូវកិច្ចសន្ទនារវាងសម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា (Dalai Lama) និងចិន រួមទាំងលើក កម្ពស់ការគោរពសិទ្ធិមនុស្ស នៅក្នុងតំបន់ទីបេរបស់ចិននោះផងដែរ។

ការប្រកាសតែងតាំងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី យូស្រា ហ្សេយ៉ា (Uzra Zeya) ជាបេសកជនសម្របសម្រួលពិសេស សម្រាប់បញ្ហាតំបន់ទីបេ ត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) នៅក្នុងសេចក្ដីប្រកាស មួយ។ លោក Blinken បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនេះយ៉ាងដូច្នេះថា «លោកស្រី Zeya នឹងលើកកម្ពស់កិច្ចសន្ទនារវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងសម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា (Dalai Lama) ព្រមទាំងអ្នកតំណាងរបស់ព្រះអង្គ ឬក៏មេដឹកនាំទីបេណាម្នាក់ ដែលជាប់ឆ្នោត ដោយប្រជាធិបតេយ្យ»

លោក Antony Blinken បា នបន្ថែមទៀតថា លោកស្រី Uzra Zeya ក៏នឹងចូលរួមចំណែកលើក កម្ពស់ ផងដែរនូវការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៃប្រជាជនទីបេ ក្នុងនោះរួមមាន សេរីភាពជំនឿ ឬសាសនារបស់ពួកគេ៕