ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីដំណើរការរៀបចំ ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ២០២១ ដើម្បីផ្ដល់ព័ត៌មានពិស្ដារ ស្ដីពីដំណើរការប្រឡង។
ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ដំណើរការ ប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ឯកឧត្តម រដ្ឋមន្ដ្រី បានបន្ដទៀតថា កាលបរិច្ឆេទសំខាន់ៗ នៃការប្រឡងឆ្នាំនេះរួមមាន៖
*
ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨
ខែធ្នូ ឆ្នាំ២០២១
* ដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១
ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២
* ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ
នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២
* ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល
សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា
ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ។
ឯកឧត្តម រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានឲ្យដឹងផងដែរថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជន ចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែល មានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ដោយឡែក មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជ ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅ រាជធានីភ្នំពេញ។ វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយ ក្រសួងអប់រំ។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់ វិទ្យាសាស្រ្ត សង្គម និងមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាណចម្លងដាក់លើក្តារ ខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីក្រសួងអប់រំ បានគូសបញ្ជាក់ទៀតថា គណៈមេប្រយោគ និងគណៈ កម្មការនានា ដែលចូលរួមក្នុងដំណើរការប្រឡង មានចំនួន ៣១ ៤៣២ នាក់។
លោករដ្ឋមន្ដ្រីបន្ដថា ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, អង្គភាពប្រឆាំង អំពើពុករលួយ សហព័ន្ធសហភាពយុវជនកម្ពុជា, អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ។ ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡង នៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឲ្យបេក្ខជនបានពិនិត្យ និងរកមើល មណ្ឌលប្រឡង ត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់កម្តៅសីតុណ្ហភាព របស់បេក្ខជន។
បេក្ខជនទាំងអស់ត្រូវមកទទួលការវាស់ស្ទង់កម្ដៅ, ពិនិត្យសុខភាព, និងទទួលស្ទឹកឃ័រកម្តៅធម្មតា នៅតាមមណ្ឌលសំណេរនីមួយៗ នៅមុនថ្ងៃប្រឡងមួយថ្ងៃ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១) និងត្រូវពាក់ ម៉ាស់ជាប់ជាប្រចាំនៅក្នុងមណ្ឌលប្រឡង។
ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងស្ថិតនៅក្នុងអំឡុងពេល ចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិចមួយថ្ងៃមុន ដំណើរការសំណេរ រីឯបេក្ខជនដែលមាន កម្តៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅទីតាំងសុខាភិបាល ដែលកំណត់ដោយ អាជ្ញាធរដែនដីរាជធានី ខេត្ត និងត្រូវយកលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខា ភិបាល មកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាតឲ្យចូលប្រឡង។
ទន្ទឹមគ្នានេះ រដ្ឋមន្ដ្រីក្រសួងអប់រំ សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការ ប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុក ជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្ត សកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ៕