(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋានន គរបាលជាតិ បញ្ជាក់ប្រាប់អោយដឹងថា យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣០៣គ្រឿង ទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ២៤៨គ្រឿង និងរថយន្ត ៥៥គ្រឿង។ បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែធ្នូ ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាក ពិន័យយានយន្តសរុបចំនួន ២១៨,៦៩៦គ្រឿង ក្នុងនោះមានម៉ូតូ ១៦៤,៨៤០គ្រឿង និងរថយន្ត គ្រប់ប្រភេទ ៥៣,៨៥៦គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក អត់ស្លាក់លេខ និងល្មើសសញ្ញា ជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបាន លះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត៕